(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០១៧ បានប្រកាសជាថ្មីម្ដងទៀតថា «ដាច់ខាតទោះជាតម្លៃណាក៏ដោយ ក៏មិនឲ្យកើតមានបដិវត្តពណ៌នៅប្រទេសកម្ពុជានោះឡើយ យើងត្រូវចេញជាវិធានការត្រៀមខ្លួន ដើម្បីអនុវត្តទៅជានិច្ចនិរន្ដរ៍»។ ការប្រកាសបែបនេះបានធ្វើឡើងក្នុងឱកាសដែល សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញចូលរួមក្នុងពិធីរលឹកខួបអនុស្សាវរីយ៍លើកទី២២ ថ្ងៃបង្កើតកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបណ្ណាល័យ សាលតាំង សាលប្រជុំ ដែលជាអំណោយរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ពិធីខាងលើនេះក៏មានការចូលរួមពី នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឧត្តមសេនីយ៍ ដូ ថាញ់ប៊ិញ មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស នៃកងទ័ពប្រជាជនវៀតណាម និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោងពលខេមរភូមិន្ទជាច្រើនរូបទៀត នាព្រឹកថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០១៧នេះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នោះថា «យើងបាននិយាយគ្នាជាបន្ដបន្ទាប់មករួចហើយ មិនឲ្យមានបដិវត្តពណ៌កើតឡើង នៅក្នុងព្រះរាជណាចក្រកម្ពុជាជាដាច់ខាត ទោះជាតម្លៃណាក៏ដោយ ក៏យើងមិនឲ្យមានជាដាច់ខាតចំពោះបដិវត្តពណ៌នោះ យើងត្រូវចេញជាវិធានការត្រៀមខ្លួនដើម្បីអនុវត្តទៅជានិច្ចនិរន្ដរ៍»។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមទៀតថា «ឥលូវនេះយើងមើលច្បាស់ហើយ សភាពការណ៍ដែលវាចាក់ពីខាងក្រៅមកក៏មានមួយចំនួន មិនអំណោយផលដល់យើងប៉ុន្មាន
នោះទេ ដោយសារមានពពួកខ្លះដែលហៅថាបញ្ចេញនូវវោហាមួយចំនួន គឺចោទប្រកាន់មែនទែន មិនចេះឈប់មិនចេះឈរនោះទេ ថាកម្ពុជាគឺគ្នានគោរពសិទ្ធមនុស្ស មិនមាន
ប្រជាធិបតេយ្យ...ប្រជាធិបតេយ្យកំពុងតែស្លាប់»។
សម្ដេចពិជ័យសេនា បានបន្ដថា ដូច្នោះរឿងនេះ គឺជារឿងមួយដែលហៅថាលាបពណ៌ ចាត់ទុកកិច្ចការនេះគឺធ្ងន់ធ្ងរណាស់ ដែលយើងម្យ៉ាងទៀតភាពជាក់ស្ដែងក៏យើងបានឃើញច្បាស់ ឥលូវនេះយើងកំពុងតែរៀបចំពិធីផ្សេងៗគ្រប់បែបយ៉ាងទាំងអស់ ដោយសភាពទទួលដោយរលូន។ ប្រមុខការពារជាតិ បានបន្ថែមទៀតថា កិច្ចការទាំងអស់នេះ គឺសុទ្ធសឹងតែរឿងមួយដែលយើងចាត់ទុកថា ការត្រៀមដោះស្រាយសភាពការណ៍ ការត្រៀមដើម្បីចូលរួមក្នុងការទប់ស្ដាត់នូវអំពើក្បត់ទាំងឡាយ ដែលនឹងកើតឡើងនៅក្នុងកម្ពុជាយើង។
រដ្ឋមន្ដ្រីក្រសួងការពារជាតិ ក៏បានណែនាំឲ្យប្រធាន ស្ថានប័ន មេបញ្ជាការ គ្រប់កងរាជឯកភាព កងយោធពលខេមរភូមិន្ទ ត្រូវខិតខំរួមគ្នាផ្សព្វផ្សាយបកស្រាយពន្យល់ប្រជាពលរដ្ឋ សាធារណៈជន កងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីរាជការ ឲ្យបានទូលំទូលាយ ដើម្បីយល់ដឹងអំពីឧបាយកលបែបសកម្មភាពដ៏ពិសពុលរបស់គណបក្សសង្គ្រោះជាតិ ដែលឃុតឃិតជាមួយ និងជនបរទេស ក្នុងការផ្ដួលរំលំរដ្ឋាភិបាល រដ្ឋអំណាចស្របច្បាប់នៅកម្ពុជាផងដែរ៕