(កំពង់ធំ)៖ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកីឡាករអុំទូកខេត្តកំពង់ធំ ដែលមានទីតំាងក្រុមហ៊ុន OCIC បរិវេណទីក្រុងរណបជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងរាស្រ្ត ជា អឿន លោក សុខ លូ អភិបាលខេត្តកំពង់ធំ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទំាងគណៈកម្មការដឹកនាំទូកខេត្តទំាងអស់ និងក្រុមកីឡាករទូកនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក សុខ លូ បានអានរបាយការណ៍សង្ខេបអំពីស្ថានភាពកីឡាករអុំទូកខេត្តកំពង់ធំ ដែលគណៈកម្មការខេត្តដឹកនាំទូកមកចូលរួម សុរបចំនួន១៨ទូក ក្នុងនោះទូកវែង ចំនួន១២ទូក ទូកមួងបុរសចំនួន ០២ទូក ទូកខ្នាតអន្តរជាតិ ចំនួន០៤ទូក ដែលមានកំលំាងអុំពិត ចំនួន១.០៤២នាក់ កំលំាងត្រៀម ចំនួន២១២នាក់ សរុបចំនួន១.២៥៤នាក់។ ទន្ទឹមនោះលោក សុខ លូ បានថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសលោកបណ្ឌិត ងួន ញ៉ិល តែងតែមានវត្តមាននៅក្នុងពិធីប្រណំាងទូក នៅខេត្តកំពង់ធំជារៀងរាល់ឆ្នាំ ជាមួយនឹងការឧបត្ថម្ភជាថវិកា និងសម្ភារដល់ទូកខេត្តកំពង់ធំ ដើម្បីឲ្យព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងសប្បាយរីករាយទំាងអស់គ្នា។
លោកបណ្ឌិត ងួន ញ៉ិល បានលើកឡើងថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលមានភាពល្បីល្បាញ សម្បូរណ៌ទៅដោយទូក ដែលមានល្បឿនលឿនជាងគេទំាងនៅក្នុងសម័យសង្គមរាស្រ្តនិយម រហូតមកដល់បច្ចុប្បន្ននេះ និងមានជំនឿថា ទូកខេត្តកំពង់ធំ នឹងអាចដណ្តើមជ័យជំនះច្រើនលើសលុប ជាក់ជាមិនខានឡើយ។ ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២-០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺធ្វើឡើងដើមី្បរំលឹក និងគោរពដល់វីរៈភាព នៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជីវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិយើង។
ម្យ៉ាងវិញទៀត ដើម្បីបង្ហាញពីប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ សម្បូរសប្បាយ ដល់ប្រជាពលរដ្ឋទូរទំាងប្រទេស អាចធ្វើដណើរកំសាន្តសប្បាយនៅគ្រប់ទីកន្លែង ដោយមិនមានការភ័យខ្លាចឡើយ។ ក្នុងនោះ លោកបណ្ឌិតបានផ្តាំផ្ញើដល់ក្មួយៗដែលជាកីឡាករទំាងអស់ ត្រូវរក្សាវិន័យ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ហូបចុកប្រកបដោយអនាម័យ ចូលរួមចំណែកថែរក្សាបរិស្ថានឲ្យបានល្អ មិនត្រូវបោះចោលថង់ផ្លាស្ទិច ឬដបទឹកសុទ្ធនៅក្រៅធុងសម្រាម បន្ទោបង់ក្រៅបង្គន់អនាម័យ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន។
ទន្ទឹមនោះលោកបណ្ឌិតបានឧបត្ថម្ភនូវ អង្ករ ៥តោន មី ៨០កេស ទឹកស៊ីអ៊ីវ ៨០យួរ ទឹកសុទ្ធ ៣០០យួរ និងថវិកា ២០០០ដុល្លារ ជាមួយគ្នានោះ ក្រុមហ៊ុន ជីបម៉ង់គ្រុប ឧបត្ថម្ភ ទឹកផ្លែឈើ ៤៥០កេស ទឹកសុទ្ធ ៧៣៨យួរ អាវ ១.២៥៤អាវ មួក ១.២៥៤មួក ផងដែរ៕