(កណ្តាល)៖ នៅព្រឹកថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្តកណ្តាល បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំបន្ថែមនូវ សភាពការណ៍ថ្មីៗ របស់ជាតិ-អន្តរជាតិ ដល់កងកម្លាំងកងរាជអាវុធហត្ថទូទាំងខេត្ត និងប្រឆាំងដាច់ខាតរាល់ទង្វើទាំងឡាយដែល ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយរងការិយាល័យមេបញ្ជាការ មូលដ្ឋានក្រុង-ស្រុក កងវរៈអន្តរាគមន៍ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត កងកម្លាំងគ្រប់ជាន់ថ្នាក់នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បានថ្លែងបញ្ជាក់ថា «កម្លាំងកងរាជអាវុធហត្ថទូទាំងខេត្តកណ្តាល បានប្តេជ្ញាចិត្តការពារដាច់ខាតរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនអនុញ្ញាតឲ្យក្រុមបង្កចលាចលខុសច្បាប់ធ្វើឲ្យមានអសន្តិសុខ ក្នុងសង្គមឡើយ»។
ចុងបញ្ចប់លោកមេបញ្ជាការ ឧត្តមសេនីយ៍ត្រី សំ តុលា ក៏បានផ្សព្វផ្សាយ និងណែនាំបន្ថែមលើផែនការការពារព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលប្រព្រឹត្ត ទៅនៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ ហើយកងកម្លាំងអាវុធហត្ថក្នុងខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ បំពេញភារកិច្ចបង្ការ បង្រ្កាប សង្រ្គោះ ដែលជាយន្តការដឹកនាំដ៏មានប្រសិទ្ធិភាពរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រកាន់ឲ្យខ្ជាប់ខ្ជួនក្រមសីលធម៌ ត្រូវជួយសម្រួលចរាចរ និងជួយសង្គ្រោះឲ្យទាន់ពេលវេលាដល់ប្រជាពលរដ្ឋមានបញ្ហផ្សេងៗ ដែលអញ្ជើញឆ្លងកាត់ចូលមក និងចេញពីរាជធានីភ្នំពេញ៕