(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងក្រុមការងារ បានចែកកាដូលើកទឹកចិត្តដល់សិស្សនិទ្ទេស A,B,C,D នៅ វិទ្យាល័យ ហ៊ុន សែន និងបឋមសិក្សាចាក់អង្រែ ក្នុងខណ្ឌមានជ័យ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០១៧-២០១៨ វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ និងបឋមសិក្សាចាក់អង្រែ។

វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ និងបឋមសិក្សាចាក់អង្រែ មានទីតាំងជាប់នឹងផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងពិធីបើកបរវេសនកាលនេះ ក៏មានការចូលរួមពី នាយក សាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ១ពាន់នាក់ចូលរួមផងដែរ។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានស្នើឲ្យ ជនរួមជាតិទាំងអស់នាំគ្នា យកកូនទៅចុះឈ្មោះចូលរៀន នៅដើម បវេសនកាលនេះឲ្យបានគ្រប់ៗគ្នា និងចូលរួមតាមដាន ការសិក្សា របស់កូនចៅបន្ថែមទៀត។ លោកបានបន្ថែមថា យុវជន យុវនារីទាំងអស់ខិតខំសិក្សារៀនសូត្រឲ្យខ្ជាប់ខ្ជួន ព្រមទាំងចូលរួមក្នុងសកម្មភាពនានា ដើម្បីគាំទ្រដំណើរការអភិវឌ្ឍ សាលារៀន និងសង្គមជាតិ។

អភិបាលខណ្ឌមានជ័យរូបនេះ ក៏បានរំលឹកសិស្សានុសិស្សឲ្យចងចាំថា បើស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងស្រឡាញ់អនាគត រុងរឿង គឺត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចេះណែនាំមិត្តភក្តិអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន និងត្រូវជៀសវាងការសេពគប់មិត្តដែលប្រព្រឹត្តអបាយមុខផងដែរ។

នៅក្នុងពិធីបើកបវេសនាកាលនោះ លោក ពេជ្រ កែវមុនី និងក្រុមការងារ ក៏បានជូនជាអំណោយទៅដល់ សិស្សានុសិស្ស ក្នុងនោះរួមមានសិស្សប្រឡងជាប់និទ្ទេស A ចំនួន៥នាក់ ក្នុងម្នាក់ៗទទួលបាន Lab Top ១គ្រឿង និងថវិកាម្នាក់១០០ដុល្លារ, សិស្សនិទ្ទេស B ចំនួន១៥នាក់ ក្នុងម្នាក់ៗទទួលបាន Lab Top ១គ្រឿង និងថវិកាម្នាក់៥០ដុល្លារ,និងសិស្សនិទ្ទេស C ទទួលបាន Lab Top ម្នាក់១គ្រឿង។

នៅថ្ងៃដដែលនោះ លោក ពេជ្រ កែវមុនី និងក្រុមការងារ ក៏បានចូលរួមកម្មវិធីក្រុងពាលី ជាមួយបងប្អូនកីឡាករ ប្រណាំងទូកង ចំនួន៤៤នាក់ផងដែរ។ ទូកងនោះ មានឈ្មោះថា «នាគខៀវមានជ័យ»​តំណាងឲ្យខណ្ឌមានជ័យ ត្រៀមសម្រាប់ ការចូលរួម ប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

លោកអភិបាលខណ្ឌមានជ័យ ក៏បានជូនពរដល់ក្រុមកីឡាករប្រណាំងទូកង ចំនួន៤៤នាក់ ឲ្យខិតខំប្រឹងប្រែងរួមសាមគ្គីគ្នា យកជ័យជនះឲ្យខានតែបាន និងមានសុវត្ថិភាពគ្រប់ៗគ្នា នៅក្នុងឪកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកអំបុក ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ខាងមុខនេះ៕