(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៧-២០១៨ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ដែលមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងឪពុកម្ដាយអាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូផងដែរ។
បន្ទាប់ពីស្ដាប់របាយការណ៍របស់លោកនាយកសាលា, លោក ឃឹម ប៊ុនសុង បានអានឡើងវិញ នូវខ្លឹមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ញើជូនជនរួមជាតិ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨នេះ។
អភិបាលខេត្តសៀមរាប ក៏បានសំដែងការចូលរួមអបអរសាទរ ជាមួយនឹងលទ្ធផលការបង្រៀន និងការសិក្សារបស់លោកគ្រួ អ្នកគ្រូ សិស្សានុសិស្សក៏ដូចជាថ្នាក់ដឹកនាំ សាលា និងឪពុកម្ដាយអាណាព្យាបាលសិស្ស ដែលបានខិតខំយកចិត្តទុកដាក់ចូលរួមចំណែក ក្នុងការអប់រំ បណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពដើម្បីអភិវឌ្ឍប្រទេសជាតិ យើងឲ្យកាន់តែរីកចម្រើនឆាប់រហ័ស និងស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញជាអាទិភាព ក្នុងដំណើរកិច្ចអភិវឌ្ឍន៍ប្រទេសជាតិយើង គឺ៖ផ្លូវ ភ្លើង ទឹក និងមនុស្ស។
បន្ថែមពីនេះ លោក ឃឹម ប៊ុនសុង បានផ្ដាំផ្ញើឲ្យសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រជៀសវាង ការប្រព្រឹត្តនូវទង្វើខុសច្បាប់ និងអ្វីមិនល្អដល់សង្គមជាតិនិងខ្លួនឯង។ ដើម្បីសម្រេចទិសដៅអនាគត និង ដើម្បីក្លាយជាធនធានដ៏មានតម្លៃ សម្រាប់គ្រួសារ សង្គម និងប្រទេសជាតិនាពេលអនាគត៕