(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៧-២០១៨ និងផ្តល់ជូននូវម៉ូតូថ្មី ស្រឡាងពណ៌ក្រហម ជូនសិស្សពូកែពីររូបប្រឡងជាប់ទិទ្ទេស A ម្នាក់១គ្រឿង តបតាមការសន្យាកាលពីកន្លងទៅផងដែរ។
ពិធីនេះក៏មានវត្តមានចូលរួមជាកិត្តិយស ដើម្បីអបអរសាទរជាមួយសិស្សានុសិស្ស នៃថ្ងៃចូលរៀនដំបូងពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងឪពុកម្ដាយអាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូផងដែរ។
លោក ហែម ដារិទ្ធិ បានសំដែងការចូលរួមអបអរសាទរ ជាមួយនឹងលទ្ធផលការបង្រៀន និងការសិក្សារបស់លោកគ្រួ អ្នកគ្រូ សិស្សានុសិស្សក៏ដូចជាថ្នាក់ដឹកនាំ សាលា និងឪពុកម្ដាយអាណាព្យាបាលសិស្ស ដែលបានខិតខំយកចិត្តទុកដាក់ចូលរួមចំណែក ក្នុងការអប់រំ បណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពដើម្បីអភិវឌ្ឍប្រទេសជាតិ យើងឲ្យកាន់តែរីកចំរើនឆាប់រហ័ស និងស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់ កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញជាអាទិភាព ក្នុងដំណើរកិច្ចអភិវឌ្ឍន៍ប្រទេសជាតិយើង គឺ៖ផ្លូវ ភ្លើង ទឹក និងមនុស្ស។
លោក ហែម ដារិទ្ធិ ក៏បានសំដែងមោទនភាពជាមួយលទ្ធផល គួរឲ្យសរសើររបស់ វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ត ដែលបានរួមចំណែកក្នុងវិស័យអប់រំនៅកម្ពុជា។
លោក ហែម ដារិទ្ធិ ក៏បានលើកបញ្ជាក់ដែរថា «ប៉ុន្មានឆ្នាំចុងក្រោយនេះយើងឃើញថា គុណភាពអប់រំ គ្រប់កម្រិតមានការកើនឡើង និងការប្រកួតប្រជែងយ៉ាងខ្លាំង។ ហើយរាជរដ្ឋាភិបាលតែងតែលើកទឹកចិត្ត ដល់សិស្សពូកែ និងមានការប្រឡងដោយយុត្តិធម៌ ពោលអ្នកចេះគឺជាប់»។
លោក ហែម ដារិទ្ធិ បានផ្ដាំផ្ញើឲ្យសិស្សានុសិស្សទាំងអស់់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រជៀសវាង ការប្រព្រឹត្តនូវទង្វើខុសច្បាប់ និងអ្វីមិនល្អដល់សង្គមជាតិនិងខ្លួនឯង។ ដើម្បីសម្រេចទិសដៅអនាគត និង ដើម្បីក្លាយជាធនធានដ៏មានតម្លៃ សម្រាប់គ្រួសារ សង្គម និងប្រទេសជាតិនាពេលអនាគត។
ក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធិ បានដឹកនាំ សិស្សានុសិស្សទាំងអស់សំអាតបរិស្ថាននៅតាមបណ្តោយដងផ្លូវជាតិលេខ៤ផងដែរ៕