(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១ ខែវច្ឆិកា ឆ្នាំ២០១៧នេះ បានរៀបចំពិធីបើកបវេសនាកាលឆ្នាំសិក្សាថ្មី២០១៧-២០១៨ ចេញជាផ្លូវការហើយ និងទិវាគ្រូបង្រៀនផងដែរ ក្រោមវត្តមានចូលរួមពីប្រធានមន្ទីរអប់រំ យុវជននិងកីឡា រាជធានីភ្នំពេញ និងវត្តមានអភិបាលរងខណ្ឌលោក លីន ញ៉ក់ អភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ លោកស្រី សួស សូលីដា នាយក-នាយករងរដ្ឋបាលខណ្ឌ លោក សន សោភ័ណ្ឌ និងលោក ស៊ូ សារ៉ាត់ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរាប់រយនាក់ យ៉ាងច្រើនកុះករ ស្ថិតនៅក្នុងអនុវិទ្យាល័យ និងវិទ្យាល័យឫស្សីកែវ នាភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ថ្លែងនៅក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ លោក ជា ពិសី បានសង្កត់ធ្ងន់ លើប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរ ដែលបានឆក់យកជីវិតយើងរៀងរាល់ថ្ងៃ ពោលពេលបើកបរត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយចេះគោរពសិទ្ធគ្នាទៅវិញទៅមក ពិសេសបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងហ្គេមបាញ់ត្រី ដាច់ខាតត្រូវចៀសឲ្យឆ្ងាយ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រស្ដាប់លោកគ្រូ អ្នកគ្រូ ដែលរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវិស័យអប់រំ គឺជាវិស័យអាទិភាពលើការផ្តល់សេវាប្រកបដោយសមធម៌ ដើម្បីបណ្តុះធនធានមនុស្ស ដោយផ្ដើមចេញតាំងពីបាទដៃទទេ រហូតមកទល់បច្ចុប្បន្ន កំពុងតែមានការរីកចម្រើនជាបន្តបន្ទាប់លើវិស័យអប់រំ។

បន្ថែមពីនេះ លោក ជា ពិសី បានភ្ជាប់ចំណងដៃអនុស្សាវរីយ៍ឧបត្ថម្ភជាថវិកាជូនលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅអនុវិទ្យាល័យ និងវិទ្យាល័យឫស្សីកែវ ៥០ម៉ឺនរៀល សាលាបឋមសិក្សាឫស្សីកែវ ៥០ម៉ឺនរៀល សាលាបឋមសិក្សាតេជោ ហ៊ុន សែន ចំរើនរដ្ឋ ៥០ម៉ឺនរៀល សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ចំរើនជាតិ ៥០ម៉ឺនរៀល សាលាបឋមសិក្សា សម្ដេចតេជោ ច្រាំងចំរេះ ៥០ម៉ឺនរៀល សាលាបឋមសិក្សាពញ្ញាក្រែក ៥០ម៉ឺនរៀល (សរុប៣លានរៀល) និងអភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ ជាមួយ គណបក្សប្រជាជនកម្ពុជា សង្កាត់ឫស្សីកែវ បានឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល សម្រាប់ក្រាលជាការ៉ូឡា ក្នុងបរិវេណសាលា ព្រមទាំងព្រះគ្រូចៅអធិការវត្តទួលសន្តិវ័ន្ដ និងសប្បុរសជននានា បានឧបត្ថម្ភលើកទឹកចិត្តដល់សិស្សានុសិស្ស មានកង់ចំនួន៩គ្រឿង កាតាប និងសៀវភៅផងដែរ៕