(ភ្នំពេញ)៖ បន្ទាប់ពីអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានផ្ញើលិខិតសំងាត់មួយដល់លោក កឹម សុខា និងបានចេញមកចោទដោយត្រង់ៗថា លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិកូតាខាង កឹម សុខា ថា បានក្បត់បក្សដោយស្តាប់តាមការបង្គាប់បញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ហើយថា លោក ម៉ៅ មុនី្នវណ្ណ កំពុងធ្វើបក្សប្រហារផងដែរនោះ, នៅថ្ងៃទី៣១ ខែតុលា កញ្ញា កឹម សម្មាធីតា កូនស្រីបង្កើតរបស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានចេញតតាំងហាក់ជាការទះកំផ្លៀងមួយដៃដល់ទណ្ឌិតកំពុងរត់ចោលស្រុក សម រង្ស៊ី វិញថា៖
ឪពុករបស់កញ្ញាធ្លាប់ទទួលរងនូវការលាបពណ៌យូរមកហើយ មិនដែលរត់គេចកំពុងជាប់ឃុំ បើអ្នកជាប់ឃុំលះបង់ប៉ុណ្ណេះហើយ តើវាពិបាកណាស់ទៅឬ សម្រាប់អ្នកនៅក្រៅឃុំក្នុងការមិននិយាយ ពាក្យកុហកបោកប្រាស់ ហើយឲ្យចេះរួមសាមគ្គីគ្នាក្នុងគ្រាលំបាក មិនមែនឆ្លៀតឱកាសវាយប្រហារគ្នាឯង?។
ការផ្ញើសារដ៏មុតស្រួចរបស់កូនស្រីលោក កឹម សុខា នៅពេលនេះ, ធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់ ចោលស្រុកគេចពីសំណាញ់ច្បាប់របស់កម្ពុជា បានផ្ញើលិខិតសំងាត់មួយជូនលោក កឹម សុខា ដោយបញ្ជាក់ថា ការធ្វើសេចក្តីសម្រេចសំខាន់ៗណាមួយរបស់លោក កឹម សុខា ជាពិសេសបញ្ជីបេក្ខជនឈរឈ្មោះឆ្នោតសមាជិកព្រឹទ្ធសភា ត្រូវមានកុងសង់ស៊ីស ជាមួយមនុស្សសំខាន់ៗបីរូបគឺ លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ និងបានប្រកាសចោទប្រកាន់ចំៗដល់មនុស្សកូតាគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា គឺលោក ម៉ៅ មុនីវណ្ណ ថា ជាជនក្បត់បក្សនេះ។
ការវាយប្រហាររបស់លោក សម រង្ស៊ី បែបនេះ ត្រូវបានកឹម សម្មាធីតា កូនស្រីរបស់លោក កឹម សុខា បានបង្ហាញខ្លឹមសារដ៏មុតស្រួចរបស់នាងនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook យ៉ាងដូច្នេះថា៖ គាត់ធ្វើនយោបាយជាង២០ឆ្នាំហើយ មិនដែលលាបពណ៌មួលបង្កាច់អ្នកណាទេ។ គាត់ធ្លាប់រងការលាបពណ៌មកយូរហើយ ក៏មិនដែលចងគំនុំនឹងពួកដែល លាបពណ៌គាត់ និងនិយាយពាក្យកុហកបោកប្រាស់ដើម្បីបង្ខូចឈ្មោះគាត់ដែរ។ គាត់គិតតែពីម្យ៉ាងគត់គឺធ្វើយ៉ាងណាឲ្យខ្មែរមានសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ មកទល់ថ្ងៃនេះវិនាទីនេះ គាត់បានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ។ តើបងប្អូនដឹងទេថាគាត់កំពុងនៅទីណា? គាត់កំពុងជាប់ឃុំក្នុងពន្ធនាគារដ៏ឆ្ងាយដាច់សង្វែង! ភរិយាគាត់សុខចិត្តនៅប្រឈមការភ័យខ្លាច មិនរត់ទៅណា ដើម្បីធ្វើដំណើររាប់ម៉ោងមួយជើងៗ ក្នុងការទៅជួបគាត់ សួរសុខទុក្ខ និងពាំនាំបណ្តាំរបស់គាត់មកជូនជនរួមជាតិ។
សូមចាំទុកថា ក្នុងកាលៈទេសៈណាក៏ដោយ កឹម សុខា មិនដែលចុះញ៉ម មិនដែលក្បត់ឆន្ទៈខ្លួន មិនដែលរត់គេច មិនដែលភ្លេចប្រជាពលរដ្ឋ! ទោះរូបកាយគាត់ ត្រូវជាប់ឃុំ តែគ្មាននរណាម្នាក់អាចឃុំឧត្តមគតិគាត់បានឡើយ។ គាត់នៅតស៊ូនិងរឹងមាំជានិច្ច។ បើអ្នកជាប់ឃុំលះបង់ប៉ុណ្ណេះហើយ តើវាពិបាកណាស់ទៅឬ សម្រាប់អ្នកនៅក្រៅឃុំក្នុងការមិននិយាយពាក្យកុហកបោកប្រាស់ ហើយឲ្យចេះរួមសាមគ្គីគ្នាក្នុងគ្រាលំបាក មិនមែនឆ្លៀតឱកាសវាយប្រហារគ្នាឯង?
តាមរយៈបណ្តាញព័ត៌មាន Fresh News នាពេលប៉ុន្មានថ្ងៃមកនេះ, លោក ម៉ៅ មុនីវណ្ណ និងលោក ប៉ុល ហំម បានបញ្ជាក់ថា ការធ្វើបញ្ជីឈ្មោះបេក្ខភាព មកពីគណបក្សសង្រ្គោះជាតិដាក់ជូនទៅគណៈកម្មាធិការជាតិ ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលនឹងធ្វើឡើងនាឆ្នាំ២០១៨ គឺការសម្រេចចិត្តរបស់លោក កឹម សុខា និងជាការធ្វើឡើងត្រឹមត្រូវទៅតាមលក្ខន្តិកៈរបស់គណបក្សផងដែរ។ ប៉ុន្តែលោកលោក សម រង្ស៊ី បានហៅការរៀបចំ បញ្ជីឈ្មោះនេះធ្វើឡើងដោយមិនបានឆ្លងកាត់ ការសម្រេចរបស់គណៈកម្មការនាយក ក៏ដូចជាគណៈអចិន្រ្តៃយ៍បក្ស ហើយថា ការធ្វើនេះមិនមែន ជាការសម្រេចរបស់លោក កឹម សុខា នោះឡើយ៕