​(តាកែវ)៖ មហាព្រឹត្តិការណ៍ប្រចាំភូមិ ឆ្នាំទីបី ដើម្បីអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ របស់យុវជន និងអ្នកភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នឹងរៀបចំកម្មវិធីប្រណាំងទូក​មហាជន ដាល់អំបុក បណ្តែតកន្ទោង បង្ហោះគោម និងអុជកាំជ្រួច នៅប្រឡាយមេមុខភូមិ តាមបណ្តោយផ្លូវជាតិលេខ២ ខាងត្បូងច្រកចូលរមណីយដ្ឋានទន្លេបាទី ប្រមាណបីគីឡូម៉ែត្រ។ ព្រឹត្តការណ៍នេះ នឹងប្រារព្ធរយៈពេលបីថ្ងៃ គឺនៅថ្ងៃព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី២ដល់ថ្ងៃទី៤ ខែវិច្ឆិកា នេះតែម្តង។

លោក ទូច យិនមុនី អនុប្រធានគណកម្មការរៀបចំពិធីនេះ បាននិយាយថា នេះជាឆ្នាំទីបី នៃពិធីបុណ្យអុំទូក ដែលមានឈ្មោះថា «អុំទូកភូមិយើង» ដើម្បីបង្ករភាពសប្បាយរីករាយ ជូនយុវជន និងមិត្តភក្តិនៅក្នុងតំបន់។ លោកបន្តថា ចំណុចចំបងនៃការបង្កើតពិធីនេះគឺក្នុងគោលបំណង ប្រមូលថវិកាសប្បុរសជនចូលរួមកសាង និងផ្គត់ផ្គង់សាលាមត្តេយ្យភូមិ ដែលកំពុងដំណើរការ។

«ឆ្នាំនេះយើងបង្កើតឲ្យមានកម្មវិធីថ្មីៗមួយចំនួន ដូចជាដាល់អំបុកជាដើម ដែលយុវជន និងប្រជាពលរដ្ឋ ក្នុងតំបន់ស្ទើរតែលែងដាល់ទៅហើយ ដើម្បីឲ្យពួកគាត់ស្វែងយល់ ពីរបៀបដាល់អំបុក និងឲ្យពួកគាត់ចូលរួមដោយផ្ទាល់ ជាមួយយាយតាពូមីងអ៊ំចាស់ៗ ដែលធ្លាប់ដាល់អំបុកតែម្តង។ យុវជនអាចបង្កើតជាក្រុម ចូលរួមលេងកំសាន្ត និងអាចថតរូបវីដេអូបង្ហោះហ្វេសប៊ុក ពីពិធីនេះផងដែរ ដើម្បីឲ្យបានយុវជនដទៃទៀត បានស្គាល់»។ នេះបើយោងតាម លោក ទូច យិនមុនី ​បន្ថែម។

លោកបណ្ឌិត អ៊ុង វាសនា ប្រធានគណកម្មការរៀបចំ​ បុណ្យអុំទូកភូមិយើង បានមានលើកឡើងថា ព្រឹត្តិការណ៍ដែលនឹងរៀបចំឡើងនេះ នឹងជួយចូលរួមរក្សាកេរដំណែលវប្បធម៌ ប្រពៃណីដែលស្ទើរតែលែងបានអនុវត្តជាប្រចាំ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដើម្បីឲ្យយុវជនបានទស្សនា និងស្វែង​យល់ និងចូលរួម​អបអរសាទរ ព្រះរាជពិធីប្រពៃណីជាតិដ៏ល្បី របស់ប្រទេសកម្ពុជា។

​លោកថ្លែងថា «ព្រឹត្តិការណ៍បុណ្យអុំទូកភូមិយើង នឹងចូលរួមពង្រឹងភាតរភាពរវាងយុវជននិងយុវជន ការរំឭកអនុស្សាវរីយ៍ល្អ​ជាមួយគ្នា ការរក្សាប្រពៃណីដូនតា និងមួយចំណែក គឺកៀរគរកម្លាំងសប្បុរសធម៌ ជួយគាំទ្រសាលាមត្តេយ្យ ភូមិត្បូងដំរីដែលកំពុងដំណើរការ ឆ្នាំទី៤របស់ខ្លួន»

គួររំឭកផងដែរថា ពិធីបុណ្យអុំទូកភូមិយើង ត្រូវបានប្រារព្ធឡើងពីរឆ្នាំមកហើយ ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ អាជ្ញាធរភូមិឃុំស្រុកខេត្ត លោកយាយលោកតា យុវជន ប្រជាពលរដ្ឋក្នុងភូមិ និង​ចូលរួមទស្សនា និងលេងកំសាន្តពីប្រជាជនរាប់សិបពាន់នាក់។ ក្នុងឆ្នាំនេះ ក្រៅពីពិធីប្រណាំងទូក ដោយសេរីពីមហាជនទូទៅ​ចូលលេងកំសាន្ត ក៏មានការរៀបចំឲ្យមានកម្មវិធី​ដាល់អំបុក បណ្តែតកន្ទោង បង្ហោះគោម និងអុជកាំជ្រួច​ ដែលចាប់ផ្តើមពីម៉ោង១រសៀល រហូតដល់យប់​ទាំងបីថ្ងៃជាប់ៗគ្នាតែម្ដង៕