(ប៉េកាំង)៖ ប្រទេសចិន និងកូរ៉េខាងត្បូងនឹងធ្វើការងាររួមគ្នា ដើម្បីចូលរួមចំណែកលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ នេះបើតាមក្រសួងការបរទេសចិន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធនេះ ក្រសួងការបរទេសចិនបាននិយាយថា ចិននិងកូរ៉េខាងត្បូង នឹងបន្តប្រើប្រាស់វិធានការការទូត ក្នុងការដោះស្រាយបញ្ហាទំាង ឡាយនៅលើឧបទ្វីបកូរ៉េ។ សេចក្ដីថ្លែងការណ៍នេះ កើតមានឡើងបន្ទាប់ពីមានកិច្ចប្រជុំក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ រវាងអ្នកតំណាងកូរ៉េខាងត្បូងសម្រាប់កិច្ចចរចានុយក្លេអ៊ែរ កូរ៉េខាងជើង ០៦ភាគី លោក លី ដូហ៊ូន (Lee Do-hoon) និងសមភាគីចិន លោក គង់ ហ្សួនយូ (Kong Xuanyou)។
ក៏ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកជំនាញខ្លះយល់ថា ការបង្ហាញគោលជំហរបែបនេះរបស់ទីក្រុងប៉េកាំង គឺមានគោលបំណងបញ្ជាក់ពីប្រាប់សហរដ្ឋអាមេរិក មុនដំណើរទស្សនកិច្ចរបស់ លោក ដូណាល់ ត្រាំ មកកាន់ទីក្រុងប៉េកាំងថា ចិនគាំទ្រតែវិធានការទូតតែប៉ុណ្ណោះ មិនមែនប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងកូរ៉េខាងជើង ដូចដែលលោក ត្រាំ ផ្ទាល់ធ្លាប់ព្រមានជាញឹកញាប់នាពេលថ្មីៗនេះជាដាច់ខាត៕