(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមរលឹកខួបអនុស្សាវរីយ៍ លើកទី២២ ថ្ងៃបង្កើតកងពលតូចទ័ពពិសេសឆត្រយោង៩១១ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារបណ្ណាល័យ សាលតាំង សាលប្រជុំ ដែលជាអំណោយរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ពិធីខាងលើនេះ ក៏មានការចូលរួមពីនាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឧត្តមសេនីយ៍ ដូ ថាញ់ប៊ិញ មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស នៃកងទ័ពប្រជាជនវៀតណាម និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោងពលខេមរភូមិន្ទ ជាច្រើនរូបទៀតផងដែល។

បើតាមលោកឧត្ដមសេនីយ៍ ចាប ភក្ដី នាយរងសេនាធិការចម្រុះ មេបញ្ជាការ កងពលតូចទ័ពពិសេសឆត្រយោង៩១១ បានឲ្យដឹងថា ការសាងសង់នេះ ចំណាយថវិកាសរុបចំនួន៥៥៣.២៣០ដុល្លារ ក្នុងនោះជំនួយឧបត្ថម្ភពីក្រសួងការពារប្រទេស នៃប្រទេសវៀតណាម ចំនួន៣០០,០០០ដុល្លារ , ប្រាក់ឧបត្ថម្ភពីសប្បុរសជននានាចំនួន១៩៩.៧៣០ដុល្លារ និងនៅខ្វះតម្លៃ សម្ភារសំណង់ និងគ្រឿងបំពាក់ មិនទាន់ទូទាត់ចំនួន២៣.៥០០ដុល្លារ៕