(ភ្នំពេញ)៖ ក្រសួងទេសចរណ៍នាថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០១៧នេះ បានរៀបចំសិក្ខាសាលា ស្ដីពីការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ និងវិធីសាស្រ្តអនុវត្តកិច្ចលទ្ធកម្មសាធារណៈ និងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដល់មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ប្រមាណ១២០នាក់ នៅសណ្ឋាគារសាន់វ៉េ តាមផែនការសកម្មភាពដំណាក់កាលទី៣ (MAP3) នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆ្នាំ២០១៧។
ពិធីបើកសិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លោក ជា បូរ៉ា បានលើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឆ្លងកាត់ និងទទួលជោគជ័យរួចហើយ នូវដំណាក់កាលទី១ ភាពជឿទុកចិត្តបាននៃថវិកា (២០០៤-២០០៨), ដំណាក់កាលទី២ គណនេយ្យភាពហិរញ្ញវត្ថុ (២០០៨-២០១៥), បច្ចុប្បន្ន ជាដំណាក់កាលទី៣ ការផ្សារភា្ជប់ថវិកាទៅនឹងគោលនយោបាយ (២០១៦-២០២០) និងដំណាក់កាលទី៤ គណនេយ្យភាពចំពោះសមិទ្ធកម្ម (២០២១-២០២៥)។
លោករដ្ឋលេខាធិការបានបន្តថា នៅដំណាក់កាលទី៣នេះ ក្រសួងទេសចរណ៍ បានរៀបចំផែនការសកម្មភាពរបស់ខ្លួន (MAP3) ដោយកំណត់សមត្ថកម្មគន្លឹះ សូចនាករ លទ្ធផល និងការត្រួតពិនិត្យវាយតម្លៃលទ្ធផលដែលសម្រេចបាន ដើម្បីគាំទ្រគោលបំណង គោលនយោបាយរបស់ក្រសួងឱ្យទទួលជោគជ័យ និងរួមចំណែកអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។
បើតាមលោក ជា បូរ៉ា ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នឹងទទួលជោគជ័យត្រូវមានកត្តាធនធានមនុស្ស ប្រកបដោយជំនាញពិតប្រាកដ និងសមត្ថភាពដែលជាសូចនាករគន្លឹះសំខាន់ សម្រាប់កំណត់លទ្ធផល។ ឆ្លងតាមបទពិសោធន៍ ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ (MAP3) កន្លងមក លទ្ធផលដែលទទួលបានពុំទាន់ឆ្លើយតបទៅនឹងចក្ខុវិស័យ ឬគោលបំណងនៃផែនការសកម្មភាពដែលបានដាក់ចុះនៅឡើយ ឬអាចនិយាយថាសមត្ថភាពរបស់មន្ត្រីជំនាញនៅមានកម្រិត ដែលត្រូវទាមទារឱ្យក្រសួងស្ថាប័ន ត្រូវរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងបន្ថែមទៀត ។
សិក្ខាកាមទាំងអស់ដែលមកពីបណ្តាលអង្គភាពក្រោមឱវាទក្រសួងទេសចរណ៍ អាចនឹងបង្កើនសមត្ថភាពយល់ដឹងបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការនៃការរៀបចំផែនការលទ្ធកម្ម និងនីតិវិធីអនុវត្តកិច្ចលទ្ធកម្មសាធារណៈ និងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ (MAP3)។
លោកបានណែនាំ និងលើកទឹកចិត្តដល់សិក្ខាកាម មន្ត្រីរាជការ ទាំងអស់ក្នុងអង្គសិក្ខាសាលា ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្រេបនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ពីគ្រប់បទឧទេ្ទសនាមរបស់គ្រូឧទ្ទេសនៃសិក្ខាសាលា នាពេលនេះ ។
លោកបានបំផុសឲ្យសិក្ខាកាមចូលរួមជជីកសួរនាំឱ្យបានច្បាស់ និងអស់សេចក្តីលើគ្រប់ទិដ្ឋភាពបច្ចេកទេស ពិសេសលើកឡើងនូវបញ្ហាប្រឈមជាក់ស្តែង ដែលកំពុងជួបប្រទះនៅក្នុងអង្គភាពថវិកានីមួយៗ ដើម្បីផ្លាស់ប្តូរទស្សនៈគំនិតយោបល់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ សំដៅស្វែងយល់ និងរិះរកដំណោះស្រាយ សម្រាប់យកទៅអនុវត្តនៅអង្គភាពរៀងៗខ្លួនវិញ ឱ្យបានជោគជ័យទាន់ពេលវេលា និងត្រឹមត្រូវតាមវិធាន និងនិតិវិធីអនុវត្តកិច្ចលទ្ធកម្មសាធារណៈ និងការរៀបចំបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ដែលកំពុងនៅជាធរមាន៕