(ភ្នំពេញ)៖ បុរសល្មោភកាមម្នាក់ ប៉ងរំលោភ និងសម្លាប់ក្មេងស្រីវ័យ៩ឆ្នាំម្នាក់ តែមិនបានសម្រេច ក៏ត្រូវជាប់ខ្នោះកម្លាំងនគរបាលខណ្ឌមានជ័យ និងនគរបាលរាជធានីភ្នំពេញ ហើយក្មេងស្រីរងគ្រោះត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចដីឡូតិ៍ទំនេរ ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បានប្រាប់អង្គភាពព័ត៌មាន Fresh News បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យចិត្តខ្មៅរូបនេះ ធ្វើឡើងដោយកម្លាំងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បើតាមលោក ហួរ ម៉េងវ៉ាង សង្ស័យឈ្មោះ ញ៉ នាង អាយុ២២ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅឃ្លាំងឡានដឹកទំនិញ ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានរំលោភរួចវាយប៉ុនប៉ងសម្លាប់កុមារីរងគ្រោះអាយុ០៩ឆ្នាំ។
ក្រោយប្រតិបត្តិការបង្ក្រាបនេះ ក្មេងស្រីរងគ្រោះត្រូវបានកម្លាំងនគរបាល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។ ដោយឡែកសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿង៕