(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថាមានប្រជា ពលរដ្ឋខ្មែរប្រមាណ ២លាននាក់ ស្មើនិង៣៥ភាគរយ មានបញ្ហាខុសទិន្នន័យអត្រានុកូលដ្ឋាន ដែលត្រូវការរយៈពេលពីរឆ្នាំក្នុងការកែតម្រូវ ឡើងវិញ។ លោក ម៉ៅ ច័ន្ទតារា បានបញ្ជាក់ថា កំហុសនេះភាគច្រើនកើតចេញពីមន្ត្រីអត្រានុកូលដ្ឋានឃុំ-សង្កាត់។
នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា ថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំស្តីពីសេចក្តីណែនាំការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាននាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ។ នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា បានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ២លាននាក់ ដែលមានបញ្ហាទិន្នន័យអត្រានុកូលដ្ឋាននេះ ភាគច្រើន គឺឈ្មោះអាយុ ភេទ ដូចជាអាយុឪពុកដាក់អាយុកូន ហើយឈ្មោះកូនដាក់ឈ្មោះឪពុក និង ភេទប្រុសដាក់ទៅជាភេទស្រីជាដើម។
នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា បានគូសបញ្ជាក់ថា ការខុសទិន្នន័យនៅក្នុងអត្រានុកូលដ្ឋាននេះ បានធ្វើឲ្យពួកគាត់ជួបប្រទះការលំបាកក្នុងការធ្វើអ្វីតាមរដ្ឋបាល និងបញ្ហាផ្សេងៗទៀត ។ តែយ៉ាងណាការខុសបច្ចេកទេសទាំងនេះនឹងធ្វើការកែប្រែរួចឲ្យអស់ក្នុងរយៈពេលពីរឆ្នាំ ។
នាយឧត្តមសេនីយ៍ បានបន្តថា «តាមរយៈការសិក្សាផ្ទៀង ផ្ទាត់ទិន្នន័យប្រជាពលរដ្ឋនាពេលកន្លងមកក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋប្រមាណជិត ៣៥ភាគរយកំពុងជួបប្រទះបញ្ហាខុស ទិន្នន័យអត្តសញ្ញាណរបស់ខ្លួននៅអត្រានុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង ជាពិសេសការចុះបញ្ជីក្នុងអំឡុងពេលយុទ្ធនាការចុះបញ្ជីអត្រា នុកូលដ្ឋានចល័ត ដែលបានធ្វើឲ្យសាមីខ្លួនជួបការលំបាកយ៉ាងខ្លាំងក្នុង ការស្នើរសុំសេវារដ្ឋបាលស្មុគស្មាញ ដែលមិនអាចឆ្លើយតបបានទៅនឹង សំណូមពររបស់ប្រជាពលរដ្ឋ»។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា ក៏បានអំពាវនាវដល់មន្ត្រីអត្រានុកូលដ្ឋានទាំងអស់ទាំងថ្នាក់លើ និងថ្នាក់ក្រោម គប្បីធ្វើការឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាងមុនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការភន្តច្រឡំនិងខុសទិន្នន័យរបស់បងប្អូនបន្តទៀតដែលជាកត្តាធ្វើឲ្យខ្វះទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋនោះ៕