(ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ សមាគមបរិច្ចាគឈាមកម្ពុជា បានអំពាវនាវឲ្យ អង្គភាព ក្រុមហ៊ុន សហគ្រាស សមាគម អង្គការនានា និងសប្បុរសជនទាំងអស់ សូមជួយមកធ្វើការបរិច្ចាគឈាមផង។
បើតាមលោក ផាត់ សារឿន អ្នកបម្រើការងារនៅសមាគមមួយនេះ តាមរយ:អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ យើង ពុំមានឈាមគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ សម្រាប់ព្យាបាលអ្នកជំងឺ នៅតាមបណ្ដាមន្ទីរពេទ្យនោះទេ។
លោក ផាត់ សារឿន បានឲ្យដឹងទៀតថា បញ្ហាឈាម មានសារសំខាន់ខ្លាំងណាស់ សង្ឃឹមថា គ្រប់បណ្ដាអង្គភាព រដ្ឋ ក្រុមហ៊ុន សហគ្រាស សមាគម គ្រប់ផ្នែក អង្គការ និងជាពិសេស គឺសប្បុរសជន ដែលមានបំណងចង់ធ្វើការ បរិច្ចាគឈាម និងចូលរួមសាងនូវអំពើល្អ នាព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។
លោក បានបញ្ជាក់ថា «ប្រសិនជាគ្មានឈាមទេ អ្នកជំងឺពួកគាត់មិនដឹងទៅសង្ឃឹមអ្វីនោះទេ ព្រោះអ្នកជំងឺអ្នកអស់ សង្ឃឹមលើយុវជន បងៗ ប្អូនៗ ទាំងអស់ដែលមានកម្លាំងគ្រប់គ្រាន់ និងមានសុខភាពល្អគ្រប់គ្រាន់ ក្នុងការចូលរួមសកម្មភាព ការចូលរួមបរិច្ចាគឈាមនេះ»៕