(ភ្នំពេញ)​៖ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ដែលមានទីតាំងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជាបាននឹងកំពុងទទួល បានជោគជ័យ យ៉ាងល្អប្រសើរ ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺរបេង។

ជាក់ស្តែងតាមរយបាយការណ៍ក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ អត្រាឈឺ និងអត្រាស្លាប់ដោយសារជំងឺរបេងនៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបនឹងបណ្តាលប្រទេសដ៏ទៃទៀត។ គិតត្រឹមឆ្នាំ២០០០ ដល់ឆ្នាំ២០១៦ អត្រាស្លាប់ បានធ្លាក់ចុះប្រមាណ៥៥ភាគរយដែលអត្រានេះធ្លាក់ ចុះមកកម្រិត២០ករណីក្នុងចំណោមប្រជាជន១០០,០០០នាក់ តែប៉ុណ្ណោះ នៅឆ្នាំ២០១៦ (២០/១០០,០០០)។ រីឯអត្រាកើតជំងឺថ្មីហៅថា អត្រាអាំស៊ីដង់ បានធ្លាក់ចុះប្រមាណ៤១% ក្នុងអមឡុងពេលដូចគ្នា (២០០០ ដល់២០១៦)។

បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលមានសេវាពិនិត្យ និងព្យាបាលជំងឺរបេង ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាបសាធារណទាំងអស់សរុបចំនួន១៣៧២កន្លែង នៅទូទាំងប្រទេស៕