(ភ្នំពេញ)៖ ក្រោយការប្រកាសចេញមុខភ្នាល់ជាសាធារណៈរបស់លោក ហ៊ុន ម៉ាណែត ជាមួយបុគ្គល ម៉ែន ណាត ដែលចោទប្រកាន់ថា លោកលាក់លុយរហូតដល់២០០លានដុល្លារ និងកំពុងចូលរួមដេញថ្លៃ ទិញអគារតម្លៃរាប់លានដុល្លារ នៅប្រទេសបារាំង កាលពីម្សិលមិញនោះ នៅពេលនេះ បុគ្គលកំពុងយកបរទេសជ្រោកកោនរូបនេះ បានប្រកាសចុះចាញ់ហើយ ដោយមិនហ៊ានចេញមុខមកភ្នាល់នោះទេ។
ភាពកំសាករបស់បុគ្គលម៉ែន ណាត និងក្រុមរបស់គាត់ខាងលើនេះ បានបង្ហាញយ៉ាងច្បាស់ដល់សាធារណជនទាំងក្នុង និងក្រៅប្រទេសថា បុគ្គលរូបនេះ និងក្រុមរបស់ខ្លួន ពូកែខាងសរសេរ និងផ្សព្វផ្សាយព័ត៌មាន បំភ្លៃការពិត ប៉ុន្តែមិនហ៊ានទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានសរសេរឬផ្សព្វផ្សាយឡើយ។
មិនហ៊ានចេញមុខមកភ្នាល់ ដោយប្រកាសចុះចាញ់សង្វៀន បែរជាក្រុមបុគ្គល ម៉ែន ណាត បង្ហាញហេតុផលយ៉ាងរ៉ាក់កាផែល ដោយចោទថា លោក ហ៊ុន ម៉ាណែត ហ៊ានភ្នាល់ដោយសារដឹងថា លោកមិនអាចរកភស្តុតាងបានទៅវិញ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងលម្អិត នៅលើបណ្តាញសង្គម Facebook ដែលទើបចេញផ្សាយនៅប៉ុន្មាននាទីមុននេះ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ យ៉ាងដូច្នេះថា៖
«ចុម! អ្នកក្លាហាន ម៉ែន ណាត និងក្រុមគាត់ឆាប់លើកទង់ជ័យសចុះចាញ់លឿនម៉្លេះ?
ប៉ុន្មានថ្ងៃមុនលោក ម៉ែន ណាត និងក្រុមរបស់គាត់បានសរសេរចោទប្រកាន់ខ្ញុំថា គាត់មានព័ត៌មានច្បាស់ និងភស្តុតាងដែលបង្ហាញថា ខ្ញុំមានលាក់លុយ ២០០លានដុល្លារ នៅក្នុងធនាគារនៅស្រុកបារាំងមួយឈ្មោះ BNP ហើយខ្ញុំកំពុងមានឈ្មោះដេញថ្លៃទិញអគារ របស់គណបក្ស Le Parti Socialiste ដែលហ៊ានឲ្យថ្លៃជាង ៥៨លានអឺរ៉ូ (ដោយគាត់មានបង្ហាញ ជាកាសែតបារាំងដែលចុះផ្សាយទៀត)។
ក្នុងនាមជាកូនប្រុសដូចគ្នា យើងមិនចាំបាច់និយាយចុះឡើងច្រើននាំឲ្យវែងឆ្ងាយអីទេ ខ្ញុំបបួលគាត់ភ្នាល់ដោយយកអនាគតជីវិតនយោបាយ របស់យើងទាំងពីរដាក់តែម្តង។ ទោះជាគាត់ថាមានព័ត៌មាន ឬភស្តុតាងក្នុងដៃក៏ដោយ ក៏ខ្ញុំផ្តល់ពេលឲ្យគាត់រហូតដល់ ២សប្តាហ៍ដើម្បីទៅរកភស្តតាងមកបង្ហាញថា ការចោទប្រកាន់របស់គាត់ពិតជាត្រឹមត្រូវ និងមានមូលដ្ឋានច្បាស់លាស់ មិនចេះតែនិយាយទេ។
នៅពេលដែលគាត់យកភស្តុតាងនោះមកបង្ហាញហើយ ខ្ញុំនិងគាត់អាចរួមគ្នាស្នើសុំទៅ ស្ថានទូតបារាំងនៅភ្នំពេញ ឬស្ថានទូតខ្មែរនៅបារាំង ដើម្បីជួយសុំការបញ្ជាក់ពីធនាគារ BNP និងអ្នករៀបចំពិធីដេញថ្លៃអគារគណបក្ស Le Parti Socialiste ថាភស្តុតាងដែលលោក ម៉ែន ណាត និងក្រុមគាត់ផ្តល់មកឲ្យនោះ ពិតជាត្រឹមត្រូវឬទេ។
មិនបានមួយម៉ោងផង ស្រាប់តែលោក ម៉ែន ណាត ឆ្លើយតបមកថាមិនបាច់ភ្នាល់ទេ។ ហើយក្រុមរបស់គាត់បែរមកចោទថាខ្ញុំ ហ៊ានភ្នាល់ដោយសារខ្ញុំដឹងថា លោកមិនអាចរកភស្តុតាងបានទៅវិញ sic. ចុះម៉េចបានទៅជាចឹងវិញទៅ?
លោក ម៉ែន ណាត ដែលបានសរសេរ និងផ្សព្វផ្សាយព័ត៌មានចោទខ្ញុំ ធ្លាប់បានអះអាងប្រាប់គេឯងថា គាត់មានព័ត៌មានច្បាស់ណាស់ ចុះហេតុអ្វីលោកមិនហ៊ានភ្នាល់ ជាមួយខ្ញុំទៅវិញ? ម៉្យាងទៀតក្រុមលោក ម៉ែន ណាត ដែលជួយបន្ទរពេលលោកចោទខ្ញុំ បែរជាទទួលស្គាល់ថា លោក ម៉ែន ណាត មិនអាចរកភស្តុតាងបានទៅវិញ។ ចុះពេលគាត់សរសេរលើកមុន គឺបានន័យថា គាត់សរសេរអត់មានភស្តុតាងអីត្រឹមត្រូវទេឬ?
បើតាមការសារភាពរបស់ក្រុមគាត់ដូច្នេះ បានន័យថា លោក ម៉ែន ណាត ឆ្លើយយ៉ាងលឿនថា មិនហ៊ានភ្នាល់នោះ គឺដោយសារតែលោកគ្មានភស្តុតាងពិតប្រាកដមែន។
ខ្ញុំហ៊ានភ្នាល់ព្រោះខ្ញុំ គ្មានអ្វីដែលត្រូវលាក់បាំងទេ។ ផ្ទុយទៅវិញលោក ម៉ែន ណាត និងក្រុមគាត់បែរជាមិនហ៊ានភ្នាល់ ព្រោះគាត់ថាគាត់គ្មានភស្តុតាង (ឬមិនអាចរកភស្តុតាងបាន) ដូចដែលគាត់ធ្លាប់អួត ពេលគាត់សេរសេរចោទប្រកាន់ខ្ញុំ។
ចឹង លោក ម៉ែន ណាត និងក្រុមរបស់គាត់ហ៊ានស៊ី តែមិនហ៊ានសងទេ។
ខ្ញុំគិតថាបងប្អូនដែលតាមដានរឿងនេះ ប្រាកដជាបានមើលឃើញ និងយល់ច្បាស់ហើយថា អ្នកខ្លះពូកែខាងសរសេរ និងផ្សព្វផ្សាយព័ត៌មាន បំភ្លៃការពិត ប៉ុន្តែមិនហ៊ានទទួលខុសត្រូវ ចំពោះអ្វីដែលខ្លួនបានសរសេរ ឬផ្សព្វផ្សាយនោះទេ។
ហេតុដូច្នេះ សូមលោក ម៉ែន ណាត និងក្រុមរបស់លោក កុំមានការភ្ញាក់ផ្អើលអ្វី ក្នុងការដែលខ្ញុំ និងប្រជាពលរដ្ឋទូទៅឈប់រវល់ និងឈប់ឲ្យតម្លៃទៅលើអ្វី ដែលលោក និងក្រុមលោកសរសេរ ឬផ្សព្វផ្សាយតទៅទៀត ព្រោះវាអត់មានអ្វីជាមូលដ្ឋានពិតប្រាកដ ហើយដដែលៗដូចក្នុងករណីនេះអញ្ចឹង»៕