(ស្វាយរៀង)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ការនាំចេញផលិតផលដែលផលិតនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន(ស្វាយរៀង) និងតាយសេង(បាវិត) ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀងមានខ្ពស់គួរឲ្យកត់សម្គាល់។
លោករដ្ឋមន្ត្រីបានកត់សម្គាល់បែបនេះក្នុងពេលដឹកនាំគណៈប្រតិភូក្រសួង ពាណិជ្ជកម្មទស្សនកិច្ចនៅរោងចក្រមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន-ស្វាយរៀង និងតាយសេង បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។
ក្នុងដំណេីរទស្សនកិច្ចនោះលោករដ្ឋមន្ត្រី បានចុះពិនិត្យខ្សែសង្វាក់ផលិតកម្មរបស់ ក្រុមហ៊ុនផលិតកង់ Speedtech Industrial Co.,Ltd រោងចក្រផលិតស្បែកជើង Kingmaker (Cambodia) Footwear Co., Ltd និង Kaoway Sports Ltd និងរោងចក្រកាត់ដេរសម្លៀកបំពាក់មុជទឹក Sheico (Cambodia) Co., Ltd។
នៅរសៀលថ្ងៃដដែល លោក ក៏បានបន្តដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មចុះពិនិត្យ ក្រុមហ៊ុនចំនួន ០២ ទៀតនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង-បាវិតរួមមាន ក្រុមហ៊ុនផលិតកង់ A and J (Cambodia) Co., Ltd និងរោងចក្រផលិតតួកង់ធ្វើពីកាបោនTentech Composite (Cambodia) Co., Ltd ។
ក្រោយពីបានចុះពិនិត្យ និងស្តាប់របាយការណ៍ពីថ្នាក់ដឹកនាំនៃតំបន់សេដ្ឋកិច្ចទាំងពីរ លោករដ្ឋមន្ត្រី បានឲ្យដឹងថា ការផលិត និងការនាំចេញផលិតផលនៅតំបន់សេដ្ឋកិច្ចទាំងពីរកំពុងមានកំណេីនខ្ពស់។
សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការដោយមានការិយាល័យច្រកចេញ-ចូលតែមួយចំនួន១២តំបន់ មានក្រុមហ៊ុនកំពុងដំណើរការ វិនិយោគផលិត និងនាំចេញចំនួន ១៥៧ ក្រុមហ៊ុន ប្រើប្រាស់បុគ្គលិក-កម្មករសរុប ប្រមាណ៨៨,១៧៧នាក់។ ក្នុងនោះក្រុមហ៊ុនបុគ្គលិក-កម្មករនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាធេន-ស្វាយរៀង សរុបចំនួន ២៥,៨៥២នាក់ និងតាយសេង-បាវិត ចំនួន ៩,៤១៣នាក់។
សម្រាប់ឆ្នាំ២០១៦ ទឹកប្រាក់សរុបដែលបាននាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ពីតំបន់សេដ្ឋកិច្ចពិសេសទាំងនេះមានតម្លៃប្រមាណ ១.៣៥៤ ប៊ីលានដុល្លារអាមេរិក កើនឡេីពី ១.១១៦ប៊ីលានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៥ស្នើនឹងកំណើនចំនួន ២៣៨លានដុល្លារអាមេរិក ឬ ២១.២៩%។
ដោយឡែកក្នុងរយៈពេល ០៩ ខែដំបូងនៃឆ្នាំ២០១៧ ក៏ឃើញមានកំណើនគួរឲ្យកត់សម្គាល់ផងដែរ បើប្រៀបធៀបនឹង ០៩ ខែដំបូងនៃឆ្នាំ២០១៦ ដោយក្នុងឆ្នាំ២០១៧ ទឹកប្រាក់នាំចេញមានតម្លៃប្រមាណ១.០៧៣ ប៊ីលានដុល្លារ កើនឡើងចំនួន ១០៦លានដុល្លារអាមេរិកស្មើនឹង ១០.៨៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ដែលមានត្រឹមតែ ៩៦៧លានដុល្លារអាមេរិក៕