(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រកាសបើកទ្វារចំហស្វាគមន៍សមាជិករបស់គណបក្សសង្គ្រោះជាតិគ្រប់ជាន់ថ្នាក់ប្តូរជីវភាពបក្សមកចូលរួមជាមួយគណបក្ស ប្រជាជនកម្ពុជា និងត្រូវរក្សាតំណែងដូចដើមតាមនយោបាយឈ្នះ-ឈ្នះ គេឃើញមានទាំងតំណាងរាស្ត្រ ចៅសង្កាត់ មេឃុំ ប្រធានក្រុមការងារ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់បក្សព្រះអាទិត្យជិតអស្តង្គត ជាច្រើនរូបចាប់ផ្តើមចាកចេញពីបក្សស្វែងរកជម្រកដ៏សុខសាន្តនៅក្នុងនគរទេវតា។ ការណ៍នេះបានធ្វើឱ្យបក្សសង្គ្រោះជាតិជាពិសេស ទណ្ឌិត សម រង្ស៊ី មេបក្សស្រមោលភ័យស្លន់ស្លោរ និងចេញវិដេអូឃ្លីប ដើម្បីធ្វើសង្គ្រាមផែ្នកសតិអារម្មណ៍ដោយប្រឌិតព័ត៌មានខ្លួនឯងថា «ដោយសារតែការដាក់សម្ពាធពីសំណាក់អន្តរជាតិ ដែលមិនធ្លាប់មានពីមុនផែនការដើម្បីរំលាយ បក្សសង្គ្រោះជាតិត្រូវបានបោះបង់ហើយ»។
ហេតុអ្វីបានជាទណ្ឌិត សម រង្ស៊ី ដែលបានលាលែងពីតំណែងជាប្រធានបក្ស និងលះបង់សមាជិកភាពពីបក្សសង្គ្រោះជាតិព្យាយាមបង្ហាញខ្លួនជាតំណាងបក្សនេះនៅ ក្នុងកាលៈទេសៈនេះ ខណៈច្បាប់ស្តីពី គណបក្សនយោបាយបានហាម ឃាត់មិនឱ្យអ្នក ទោសដូចសម រង្ស៊ី នេះចេញមកនិយាយដូច្នេះ ព្រមទាំងស្នើឱ្យ សមាជិកបក្សផ្សេងទៀតកុំទទួលយកសេចក្តីសម្រេចរបស់ កឹម សុខា ដែលធ្វើឡើង ខណៈគាត់កំពុងតែជាប់គុក?
ទី១៖ សម រង្ស៊ី និងបក្សសង្គ្រោះជាតិពិតជាកំពុងភ័យស្លន់ស្លោ នឹងចរន្តចាកចេញដូចទឹកបាក់ទំនប់របស់តំណាងរាស្ត្រ និងសកម្មជនរបស់ខ្លួនមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ដែលរក្សាតួនាទី និងតំណែងរបស់បងប្អូនប្តូរជីវភាពបក្សពីបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទប្រកាន់ថា បានទទួលបញ្ជាពីបរទេស និងឃុបឃិតជាមួយបរទេសដើម្បីធ្វើបដិវត្តន៍បំផ្លាញខ្មែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងវិដេអូ សម រង្ស៊ី គឺបានរៀបចំឱ្យមនុស្សច្រើនឈរនៅពីក្រោយខ្នង ដែលនេះជាការរៀបចំឆាកដើម្បីបង្ហាញឱ្យឃើញថា បក្សសង្គ្រោះជាតិនៅតែរួមគ្នា សាមគ្គីគ្នា គ្មានការបែកបាក់ឡើយ។ សម រង្ស៊ី ព្យាយាមនិយាយជាច្រើនលើក ហើយអះអាងថា គណបក្សសង្រ្គោះជាតិមិនរលាយ ដើម្បីញាំងផ្នែកចិត្តសាស្រ្តអ្នកគាំទ្រខាងក្រោម កុំឱ្យដើរចេញ។ ប៉ុន្តែជាក់ស្តែង ចរន្តនៃការដើរចេញកាន់តែសកម្មនៅពេលឮការប្រកាសថា បក្សនឹងរលាយឆាប់ៗ ខាងមុខនេះ។
បក្សនេះបច្ចុប្បន្នកំពុងបាត់បង់ម្ចាស់ការ នៅឯមូលដ្ឋានសកម្មជន ពុះកញ្ជ្រោលនឹងការចាកចេញដោយសារតែពួកគេមិន គាំទ្រមេដឹកនាំក្បត់ជាតិឡើយ។ លោកតុ ស៊ីសាបុត្រ ចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹង ត្រែងមកពីបក្សសង្គ្រោះជាតិបាន និយាយថា៖ «អ្វីដែលខ្ញុំចង់បានគឺសន្តិភាព តែអ្វីដែល កឹម សុខា ធ្វើគឺក្បត់ជាតិ។ ដូច្នេះជម្រើសខ្ញុំមានតែគណបក្សប្រជាជនដែលស្រឡាញ់ជាតិពិត សម្តេចហ៊ុន សែន ជាសន្តិ ភាព ជាការអភិវឌ្ឍជានិរន្តន៍។ សូមបងប្អូន ពិចារណាឡើងវិញ!»។ អ្នកដែលចាកចេញផ្សេងទៀតក៏បានហៅ កឹម សុខា ប្រធានបក្សថាជាជនក្បត់ជាតិ ហើយភស្តុតាងក្រោយមកទៀតក៏បានបង្ហាញថា សម រង្ស៊ី ក៏ជាជនក្បត់ជាតិដូចឪពុកខ្លួនដែរ ដោយសារតែមានផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាម រយៈអំពាវនាវឱ្យកងទ័ពបែរចុងកាណុងប្រឆាំងរដ្ឋាភិបាល។
ទី២៖ គណៈអចិន្ត្រៃយ៍២៣រូប និងគណៈកម្មាធិការកណ្តាលបក្ស១២៥ រូប របស់បក្សសង្គ្រោះជាតិ (ក្នុងនោះ សូរ សមយុទ្ធ មានឈ្មោះពិត ឡុង គឹមឃន លាក់ខ្លួន ធ្វើជាអ្នកវិភាគតាម ហ្វេសប៊ុក ដើម្បីកៀងគរការគាំទ្រក៏ជាសមាជិកគណៈកម្មាធិការកណ្តាលបក្ស មួយរូបដែរ) មិនអាចបន្តបិទបាំងអំពើក្បត់ជាតិរបស់ខ្លួន និងបក្សខ្លួនបានឡើយ។
ប្រជារាស្ត្រទូទៅរួមនឹងសកម្មជនដែលធ្លាប់តែប្តូរផ្តាច់ជាមួយខ្លួន ក៏ស្អប់ខ្ពើមទង្វើបំផ្លាញជាតិរបស់មេដឹកនាំមួយក្តាប់តូចរបស់បក្សនេះដែរហ៊ានឱនក្បាល បម្រើបរទេស សុខចិត្តបំផ្លាញជាតិសាសន៍ឯង ប្រទេសខ្លួនឯង ដោយមិនញញើតដៃក្រោមលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ព្រោះ តែមហិច្ឆតាអំណាចខ្លួន។ ទ្រាំនឹងស្ថានភាពខ្សោះឈាមនេះមិនបាន សម រង្ស៊ី បានចេញមុខដោយមានមូរ សុខហួរ ញយ ចម្រើន និងជូឡុង សូមួរ៉ា ជាគ្រឿងលម្អ ដើម្បីជួយទប់ចរន្តនៃការចាកចេញ ប៉ុន្តែវាគ្មានន័យឡើយព្រោះសកម្មជនទាំងអស់បានដឹងច្បាស់ណាស់ថាបក្សសង្គ្រោះជាតិ នឹងត្រូវតុលាការកំពូលសម្រេចរំលាយចោលដោយសារតែមានភស្តុតាងគ្រាប់គ្រាន់រួមនឹងទង្វើសម រង្ស៊ី និងកឹម សុខា បញ្ជាក់ថាបក្សនេះ ពិតជាទទួលបញ្ជាពីបរទេស និងមេដឹកនាំពិតជាជន ក្បត់ជាតិមែន។ អេង ឆៃអ៊ាង អំពាវនាវឱ្យមេឃុំចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់គោរពឆន្ទៈរាស្ត្រ កុំចុះចាញ់ការគំរាម ប៉ុន្តែខ្លួន ឯងបានក្បត់ឆន្ទៈរាស្ត្រឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញខ្មែរ។ ហេតុអ្វីក៏អេង ឆៃ អ៊ាង និងសមាជិកបក្សសង្គ្រោះជាតិផ្សេងទៀតមិនចោទសួរខ្លួនឯងផងថាខ្លួនបានគោរព ឆន្ទៈរាស្ត្រដែរឬទេ? រាស្ត្របោះឆ្នោតឱ្យក្រុមខ្លួនដើម្បីបម្រើជាតិ និងរាស្ត្រ មិនមែនបម្រើ បរទេសឡើយ។
អ្នកចាកចេញបានថ្លែងថា គ្មានការគំរាមណាមួយឡើយ ហើយការចរន្តចាកចេញពីបក្សនេះដោយសារតែពួកគាត់បានយល់ច្បាស់ពីនយោបាយឈ្នះ-ឈ្នះ
របស់សម្តេចតេជោ ហ៊ុន សែន។ ពួកគេមិនអាចបន្តរស់នៅជាមួយបក្សក្បត់ជាតិឡើយ អ្នកស្នេហាជាតិ អ្នកស្រឡាញ់សន្តិភាព និងការអភិវឌ្ឍពិតប្រាកដ រួមគ្នាកសាងជាតិជាមួយគណបក្សប្រជាជនកម្ពុជាប្រឆាំង នឹងការជ្រៀតជ្រែករបស់បរទេស ថែរក្សាសន្តិភាព និងការអភិវឌ្ឍ។ ទោសក្បត់ជាតិនឹងមិនត្រូវលើកលែងបានឡើយ។
ទី៣៖ ក្រៅពីការព្រួយបារម្ភខ្លាំងលើចរន្តនៃការចាក់ចេញយ៉ាងគំហុកនេះ សម្តី សម រង្ស៊ី បានបង្ហាញពីការបែកបាក់មិនចុះសម្រុងគ្នាក្នុងផ្ទៃក្នុងបក្សសង្គ្រោះជាតិដែរ។ ប្រជាពរដ្ឋពិតជាឆ្ងល់ថាហេតុអ្វីបានជានៅសុខៗ ទណ្ឌិត សម រង្ស៊ី អតីត ប្រធានគណបក្សសង្គ្រោះជាតិ ចេញវីដេអូឃ្លីបមួយដោយបានប្រកាសកុំឲ្យសមាជិកគណបក្សសង្គ្រោះជាតិទាំងអស់ទទួលយកសេចក្តីសម្រេចណាមួយរបស់ កឹម សុខា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដោយថ្លែងថា កឹម សុខា ស្ថិតនៅក្រោមការគំរាមកំហែង ហើយសេចក្តីសម្រេច សេចក្តីប្រកាសអ្វីរបស់ កឹម សុខា មិនមែនជាសេចក្តីសម្រេចរបស់គាត់ពិតប្រាកដទេ។ បើគាត់មានសេរីភាពពេញលេញ គឺច្បាស់ជាគាត់មិនធ្វើអ្វីតាមគេបង្គាប់បញ្ជាឲ្យគាត់ធ្វើទេ។ ហើយមានអ្នកខ្លះយកឈ្មោះ កឹម សុខា ប្រើប្រាស់ដើម្បីទាញគណបក្សសង្គ្រោះជាតិឲ្យចុះចូលជាមួយបក្សកាន់អំណាច។ តាមពិតដោយសារតែមានទំនាស់ផ្ទៃក្នុងបក្សរវាងក្រុមសម រង្ស៊ី និងក្រុមកឹម សុខា លើការរៀបចំបញ្ជីឈ្មោះបេក្ខភាពព្រឹទ្ធសមាជិក ដែលបើតាមលិខិតចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៧ របស់សម រង្ស៊ី ផ្ញើជូនជាសម្ងាត់ដល់ កឹម សុខា គឺទាមទារឱ្យមានស្មារតីកុងសង់ស៊ីសក្នុងការធ្វើសេចក្តីសម្រេចសំខាន់នីមួយៗដោយតម្រូវឱ្យ កឹម សុខា ស្វែងយកយោបល់ពីមូរ សុខហួរ អេង ឆៃអ៊ាង និងយឹម សុវណ្ណ មនុស្សទាំងបីនាក់នេះត្រូវបាន សម រង្ស៊ី គូសបញ្ជាក់ប្រាប់កឹម សុខា ថា ជាអ្នកយល់ចិត្តគាត់ច្បាស់។
ប៉ុន្តែទោះបីជាមានលិខិតពីសម រង្ស៊ី ក៏កឹម សុខាបានសម្រេចចុះហត្ថលេខាលើ បញ្ជីបេក្ខជនព្រឹទ្ធសមាជិកដើម្បីបញជូនទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៧។ នៅថ្ងៃដដែលនេះបេក្ខជនព្រឹទ្ធសមាជិកពីកូតា សម រង្ស៊ី ដឹកនាំដោយ សោ ចាន់ដេត និង សេង ម៉ារឌី សម្តែងការមិនមិនពេញចិត្ត និងបានដកបេក្ខភាពរបស់ខ្លួនចេញពីបញ្ជីដែលរៀបចំនោះ។ ហេតុដូច្នេះហើយបានជានៅថ្ងៃទី២៧ ខែ តុលា សម រង្ស៊ី និយាយថា អ្វីដែល កឹម សុខា បានធ្វើក្នុងពន្ធនាគារ គឺមិនអាចយកជាការ ដើម្បីទប់ចរន្តនៃការរៀបចំបេក្ខជនសមាជិកព្រឹទ្ធសភា ដោយដាក់អ្នកដែលក្នុងកូតាបក្សសិទ្ធិមនុស្ស។ លើសពីនេះទៀត បើតាមការទម្លាយឱ្យដឹងរបស់បន្ទាយចាក់អង្រែ មនុស្សរបស់ សម រង្ស៊ី បានដកពាក្យចេញច្រើនហើយ ដោយសារមនុស្ស កឹម សុខា ទារលុយជាថ្នូរនឹងការឈរឈ្មោះជាព្រឹទ្ធសមាជិកក្នុងម្នាក់ៗ ៤ ម៉ឺនដុល្លារ! ចំពោះមុខនៃការធ្វើផ្គរធ្វើភ្លៀងរបស់ក្រុម កឹម សុខា សម រង្ស៊ី បានសម្រេចចេញមុខអន្តរាគមន៍ដោយទម្លាក់តម្លៃ កឹម សុខា និងក្រុមគូកនរបស់គាត់ថា ការសម្រេចទាំងឡាយមិនបានការឡើយ។
តើ សម រង្ស៊ី មានសិទ្ធិអ្វីទៅបដិសេធការសម្រេចរបស់កឹម សុខា បើខ្លួនមិនមែនជាសមាជិកបក្សនេះ? តើសម រង្ស៊ីជានរណា? សម រង្ស៊ី ប្រុងធ្វើបក្សប្រហារ? សម រង្ស៊ី ចង់ដណ្តើមតួនាទីជាប្រធានបក្សមកវិញ ខណៈប្រធានបក្សស្របច្បាប់កំពុងជាប់ឃុំ? ទង្វើរបស់ សម រង្ស៊ី បានបង្ហាញកន្ទុយខ្វៀនរបស់ខ្លួន ជាមេដឹកនាំបក្សស្រមោលដូចដែលគេសង្ស័យរួចហើយថា ទោះបីជាលាលែងពីប្រធានបក្សដើម្បីជាឡប់ឡែគេចពីសំណាញ់ច្បាប់ ប៉ុន្តែសម រង្ស៊ី នៅតែមានសិទ្ធិចាត់ចែងការងារផ្ទាល់នៅក្នុងបក្ស។ ប៉ុន្តែ សម រង្ស៊ី បានចាញ់បោក កឹម សុខា ឡើងបោសគូថខោ។ ច្បាប់នៅតែជាច្បាប់! តើនរណាជាប្រធានបក្សស្របច្បាប់របស់គណបក្ស សង្គ្រោះជាតិ? ម៉ៅ មុនីវណ្ណដែលធ្លាប់រស់នៅក្រោមការគ្រប់គ្រងផ្ទាល់របស់គណបក្ស សម រង្ស៊ី នៅក្រោយមកចាកចេញ មករួមជីវភាពនយោបាយជាមួយគណបក្សសិទ្ធិមនុស្សរបស់ កឹម សុខា បានថ្លែងថា ៖ «ទោះបីជា កឹម សុខា នៅជាប់ឃុំ ប៉ុន្តែ កឹម សុខា នៅតែជាប្រធានគណបក្សស្របច្បាប់ ព្រោះបើតាមនីតិវិធីរបស់តុលាការកាលណាគាត់នៅតែជាជនជាប់ចោទ ឬកំពុងចោទ គឺគាត់មិនទាន់ មានទោស គាត់នៅតែមានសិទ្ធិ គាត់នៅតែជាប្រធានគណបក្សដដែល ហើយគាត់ចុះហត្ថលេខាលើបេក្ខភាព...សមាជិកព្រឹទ្ធសភានេះ យើងធ្វើតាមនីតិវិធីច្បាប់ត្រឹមត្រូវ»។ ដូច្នេះ កឹម សុខា មានសិទ្ធិ គ្រប់គ្រាន់ក្នុងការបំពេញការងារក្នងនាមជាប្រធានបក្ស ដោយមិនចាំបាច់ឆ្លងកាត់យោ បល់សម រង្ស៊ី ឬអ្នកផ្សេងទៀតតាមលក្ខ ខណ្ឌរបស់សម រង្ស៊ីឡើយ។ នេះគឺជាការទះកំផ្លៀងមួយទំហឹងលើ សម រង្ស៊ី បន្ថែមដោយ មុត ចន្ថា អ្នកស្និទ្ធនឹង កឹម សុខា ដែលតែងព្យាយាមចាត់ចែងការងារបក្ស យក ឥទ្ធិពលមកដាក់ក្នុងក្រុមខ្លួន ក៏បានបង្ហើរតាមហ្វេសប៊ុកថា កឹម សុខា នៅតែជាប្រធាន បក្សស្របច្បាប់។
ជារួមអ្វីដែល សម រង្ស៊ី ខ្លាចបំផុតគឺការរលាយបក្សស្របតាមច្បាប់ស្តីពីគណបក្ស នយោបាយក្រោយពីមានភស្តុតាងជាច្រើនដែលបញ្ជាក់ថាបក្ស និងមេដឹកនាំខ្លួន ក្បត់ជាតិ ឃុបឃិតនឹងបរទេស អនុវត្តផែនការសម្ងាត់បដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់។ សម រង្ស៊ី ក៏ខ្លាចនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់អនុវត្តទទួលមហាជោគជ័យ នៅក្នុងការរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមនាំយកសន្តិភាពពេញលេញជូនប្រជាជាតិខ្មែរ ហើយតាមរយៈ នយោបាយឈ្នះ-ឈ្នះដែលកំពុងអនុវត្តពេលនេះ បាននិងកំពុងធ្វើឱ្យចរន្តនៃការចាក ចេញរបស់មន្ត្រី និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មេឃុំចៅសង្កាត់របស់បក្សសង្គ្រោះ ជាតិកើនឡើងជាគំហុកដូចទឹកបាក់ទំនប់។ ការចាកចេញដែល សម រង្ស៊ី មានការព្រួយ បារម្ភបំផុត ព្រោះនឹងធ្វើឱ្យបក្សសង្គ្រោះជាតិបាត់បង់កម្លាំង។ ប៉ុន្តែតើជីវិតរបស់បក្ស សង្គ្រោះជាតិរស់ដល់ពេលណាទៀត? គឺអាស្រ័យលើក្រុមចៅក្រមនៃតុលាការកំពូល ដែលនឹងពិនិត្យលើបណ្តឹងរបស់ ក្រសួងមហាផ្ទៃដែលប្តឹងសុំរំលាយគណបក្សសង្គ្រោះ ជាតិ និងហាមឃាត់ថ្នាក់ដឹកនាំមួយចំនួននៃបក្សនេះកុំឱ្យធ្វើនយោបាយ។
សូមជម្រាបដល់ក្រុមមន្ត្រី និងសកម្មជនបក្សសង្គ្រោះជាតិដែលមានមនសិការ ស្នេហាជាតិ ស្រឡាញ់សន្តិភាព និងការអភិវឌ្ឍថា ទ្វាររបស់គណបក្សប្រជាជនកម្ពុជា បើកជានិច្ចរង់ចាំស្វាគមន៍បងប្អូន ដើម្បីចូលរួមជាមួយនគរទេការពារសន្តិភាព និងការ រីកចម្រើនរបស់ជាតិ និងប្រជាជន និងទប់ស្កាត់ បង្រ្កាបរាល់ផែនការបំផ្លាញជាតិ ដើម្បីកសាងយុគសម័យមាសមួយប្រកបដោយមោទនភាព សម្រាប់ប្រជាជនកម្ពុជាជាច្រើន ជំនាន់តទៅមុខទៀត។ បងប្អូនគឺជាធនធានមនុស្ស និងជាកម្លាំងចលករក្នុងការជួយអភិវឌ្ឍជាតិ ការប្តូរជីវភាពពីបក្សក្បត់ជាតិ មកបក្សប្រជាជនកម្ពុជាដែលសង្គ្រោះជាតិ និងប្រជាជនពីរបបខ្មែរក្រហម នាំយកសន្តិភាពជូនជាតិ កសាងប្រទេសឱ្យរីកចម្រើន រុងរឿង គឺជាជម្រើសដ៏ល្អបំផុត និងរួមគ្នាការពារឯករាជភាព អធិបតេយ្យភាពជាតិ ប្រឆាំងនឹងការជ្រៀតជ្រែករបស់បរទេស និងការតាមយាយីរបស់ក្រុមជនក្បត់ជាតិ ដែលតែងតែដើរអំពាវនាវឱ្យបរទេសមាក់ងាយខ្មែរ កុំវិនិយោគនៅកម្ពុជា កុំផ្តល់ជំនួយ ឱ្យកម្ពុជា និងកុំទិញទំនិញពីកម្ពុជា។
ពេលបងប្អូននៅក្នុងបក្សសង្គ្រោះជាតិធ្វើអ្វីខុសក៏គេលើកសរសើរថាជាវរជន ជាអ្នកសេ្នហាជាតិ ប៉ុន្តែពេលបងប្អូនសម្រេចចិត្តដើរ លើផ្លូវត្រូវចូលរួមជាមួយគណបក្សប្រជាជន ពួកគេចោទបងប្អូនថាជាជនក្បត់បក្ស ក្បត់ជាតិ លក់ក្បាល ក្បាលយួនជាដើម។
សូមបងប្អូនកុំអាក់អន់ចិត្តនឹងការលាបពណ៌ ទាំងនេះ ព្រោះនេះហើយជាចរិតពិតរបស់បក្សក្បត់ជាតិដែលតែងតែព្យាយាមធ្វើឱ្យខ្មែរ មិនបានសុខ។ មានតែខ្មែរប៉ុណ្ណោះដែលស្រឡាញ់ខ្មែរ ការពារខ្មែរ និងដឹងសុខទុក្ខខ្មែរគ្នាឯង និងនិយាយថាទេចំពោះជនក្បត់ជាតិដូចកឹម សុខា និងសម រង្ស៊ី ព្រមទាំងគូកនរបស់ខ្លួន! នៅពេលនេះទោះសម រង្ស៊ី ហៅគំរាមយកសម្ពាធបរទេស មកបន្លាចខ្មែរ ក៏គ្មានន័យឡើយព្រោះពលរដ្ឋខ្មែរមានគោលជំហររឹងមាំជានិច្ចចំពោះ ជាតិខ្លួន ហើយសម រង្ស៊ី មិនអាចទប់ទឹកដែលបាក់ទំនប់នេះបានឡើយ! អនុសាសន៍ មួយដែល ចៅ ចាក់ស្មុក ចង់ផ្តល់ជូនទណ្ឌិត សម រង្ស៊ី គឺ សូមកុំព្យាយាមធ្វើជាខ្លា ក្រដាសនៅក្នុងហ្វេសប៊ុកព្រោះវានឹងនាំឱ្យគណបក្សក្បត់ជាតិ និងគូកនខ្លួនរលាយ និងជាប់ពន្ធនា គារកាន់តែឆាប់បំផុតដោយសារសម រង្ស៊ី កំពុងប្រព្រឹត្តគឺខុសច្បាប់ និងបង្ហាញភស្តុតាង ដាក់បន្ទុកកាន់តែច្រើនលើសំណុំរឿងក្បត់ជាតិ!
ដោយ៖ ចៅចាក់ស្មុក