(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ បានផ្ដល់ការណែនាំដល់កីឡាករអុំទូកង ក្នុងស្រុកបារាយណ៍ ត្រូវពង្រឹងឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយកីឡាករក្នុងក្រុម និងកីឡាករទាំងអស់ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ខាងមុខនេះ ដើម្បីញ៉ាំបរិយាកាសនៃព្រះរាជពិធីបុណ្យនេះ ឲ្យកាន់តែមានភាពល្បីល្បាញឡើង។
អនុសាសន៍ណែនាំនេះ ត្រូវបានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយគណៈកម្មការ និងកីឡាករចំណុះទូកងចំនួន២ សរុបជាង២០០នាក់ មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ ទូកងទី១ មានឈ្មោះ «ចតុលោកតេជោសែនជ័យ» និងទី២ មានឈ្មោះ «ធនស័ក្តិតេជោសែនជ័យ បារមីវត្តបាណក» ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយដែលនឹងត្រូវចូលរួមប្រណាំង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅពេលខាងមុខនេះ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ពិធីបុណ្យអុំទូក ដែលមានប្រវត្តិតាំងពីបរមបុរាណដ៏យូរលង់ណាស់មកហើយ ដែលប្រារព្ធឡើងដើម្បីបង្ហាញពីវប្បធម៌ប្រពៃណី និងដើម្បីរំលឹកដល់វីរភាពអង់អាចក្លាហាននៃទ័ពជើងទឹកខ្មែរ នាសម័យបុរាណ។
លោករដ្ឋមន្ត្រីក៏បានណែនាំដល់កីឡាករចំណុះទូកទាំង២ ត្រូវរក្សាឲ្យបាននូវស្មារតីសាមគ្គីភាព មិត្តភាពជាមួយកីឡាករ ជាមួយកីឡាករក្នុងក្រុម និងកីឡាករឯទៀតៗ និងត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួននូវវិន័យ គោរពបទបញ្ជារបស់គណៈកម្មការ ដើម្បីដណ្តើមយកជ័យជំនះលើគូប្រកួត ពិសេសកីឡាករទាំងអស់ មិនត្រូវទទួលទានគ្រឿងស្រវឹង និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ ទាំងអស់គ្នាត្រូវចូលរួមក្នុងការរក្សាសន្តិសុខ សុវត្ថិភាព អនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ធ្វើយ៉ាងណាឲ្យពិធីបុណ្យប្រពៃណីមួយនេះ ប្រព្រឹត្តទៅបានល្អ ដើម្បីឲ្យព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌មួយដ៏ល្បីល្បាញ និងមានភាពទាក់ទាញបំផុតសម្រាប់ទេសចរជាតិ និងអន្តរជាតិ។
លោករដ្ឋមន្រ្តីក៏បានផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវថែរក្សាអនាម័យឲ្យបានល្អ និងកុំឲ្យចាញ់បោកការញុះញង់របស់មជ្ឈដ្ឋានអគតិមួយចំនួន ដែលបង្កឲ្យបានចលាចល និងអសន្តិសុខដល់ប្រទេសជាតិ។
លោករដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ទៀតថា ដោយគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី កម្ពុជាមានសុខសន្តិភាពបរិបូរណ៌ និងស្ថិរភាពនយោបាយ នាំឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យកម្ពុជាមានលទ្ធភាព ប្រារព្ធនូវព្រឹត្តការណ៍ធំៗសំខាន់ៗ ដូចជាព្រឹត្តិការណ៍បុណ្យអុំទូក ទេសចរណ៍វប្បធម៌ ព្រឹត្តិការណ៍ទេសចរណ៍កីឡា ពិធីបុណ្យសមុទ្រ និងពិធីបុណ្យទន្លេជាដើម។
លោករដ្ឋមន្ត្រី ថោង ខុន បានធានារ៉ាប់រងទាំងស្រុងចំពោះការចំណាយសម្រាប់ទូកទាំងពីរនេះ ដែលរួមមានការជួសជុល ការហ្វឹកហាត់ ការធ្វើដំណើរទៅ-មក ការស្នាក់នៅ ហូបចុក សម្លៀកបំពាក់ និងការឧបត្ថម្ភផ្សេងៗទាំងនៅមូលដ្ឋាន និងនៅរាជធានីភ្នំពេញ រួមទាំងការឧបត្ថម្ភដល់ភរិយាកីឡាករនៅផ្ទះផងដែរ។
គួរបញ្ចាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៧នេះ នឹងប្រព្រឹត្តទៅ៣ថ្ងៃ ចាប់ពីថ្ងៃទី២-៣-៤ ខែវិច្ឆិកា ក្នុងនោះមានទូកងប្រមាណ ២៧០គ្រឿង ត្រៀមចូលរួមប្រឡងប្រណាំង នៅមុខព្រះបរមរាជវាំង កើនជាង២០ទូក បើធៀបនឹងឆ្នាំ២០១៦៕