អាសូរណាស់! កីឡាករទូកអុំ «ក្ដាមប្រៃ» ខេត្តកំពង់ឆ្នាំងម្នាក់ បានខ្យល់គស្លាប់បាត់បង់ជីវិត នៅលើទូកពេលកំពុងរៀបចំសាកល្បង ចោលកូនអាយុ១ឆ្នាំឲ្យនៅកំព្រា
31-10-2017 21:23
(កំពង់ឆ្នាំង)៖ កីឡាករទូកអុំ ឈ្មោះ «ក្ដាមប្រៃ» ម្នាក់ បានបាត់បង់ជីវិតនៅថ្ងៃជូនដំណើរទូកង ទូកមួងទាំង២៨ទូករបស់ខេត្តកំពង់ឆ្នាំងទៅចូលរូមប្រកួត ប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ។ ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ នៅវត្តកំពង់ត្រឡាចក្រោម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
បងប្រុសបង្កើតរបស់សពជាកីឡាករអុំទូក នៅទូកក្ដាមប្រៃជាមួយគ្នា បានឲ្យដឹងថា នៅពេលអុំទូកឡើងទៅគោលដៅទីតាំងចាប់ផ្ដើមប្រកួត សមជើងឲ្យគណៈអធិបតី មើលស្រាប់តែកីឡានោះ បានផ្កាប់មុខទៅនិងបាតទូកសន្លប់បាត់មាត់ ហើយក៏នាំគ្នាផ្អើលឆោឡោតែម្ដង។ ក្រោយមកក៏បានបញ្ជូនទៅមន្ទីរពេទ្យស្រុកកំពង់ត្រឡាច ប៉ុន្តែបានដាច់ខ្យល់ស្លាប់តាមផ្លូវតែម្ដងទៅ ហើយសម្ថកិច្ចសន្និដ្ឋានបឋមថា ជនរងគ្រោះខ្យល់គរ។
លោក យូ ប៉ាសារួន មេឃុំកំពង់ត្រឡាចក្រោម បានឲ្យដឹងថា សពកីឡាករទូកក្ដាមប្រៃបានបាត់បង់ជីវិតនោះ ឈ្មោះ ចាប សុភួន (ហៅពៅ) អាយុ៣១ឆ្នាំ មានទីលំនៅភូមិកំពង់ក្ដា ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច មានប្រពន្ធឈ្មោះ សុខ គា អាយុ២៣ឆ្នាំ មានកូនស្រីម្នាក់ឈ្មោះ ផា នូណា អាយុ១ខួប៕