(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ក្រុមកីឡាករចូលរួមទាំងអស់គប្បីធ្វើចរឹក ឲ្យសុភាពរាបសារ និងធ្វើការសហការជាមួយក្រុមកីឡាករប្រទេសដទៃទៀត ដើម្បីកសាងមិត្តភាពបន្ថែមជាមួយប្រទេសដែលជាមិត្តនោះផងដែរ។
សម្តេចករឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសសម្តេចអនុញ្ញាតិឲ្យក្រុមកីឡាករ-កីឡាការិនីប៉េតងខ្មែរប្រមាណ១០នាក់ ឲ្យជួបសម្តែងការគួរសមមុននឹងពួកគេទៅចូលរួមការប្រកួតកីឡាប៉េតង់ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ មុនចេញទៅប្រកួត។
ថ្លែងនៅក្នុងកិច្ចជំនួបនោះសម្តេចក្រឡាហោម ស ខេង បានសម្តែងការត្រេកអរចំពោះក្រុមកីឡាករ ដែលត្រូវបានចាត់ចែងឲ្យទៅចូលរួមប្រកួតកីឡា ប្រភេទប៉េតង់នេះនៅប្រទេសចិន ខណៈសម្តេចបានបញ្ជាក់បន្ថែមថាកីឡាប៉េតង់នេះ គឺជាកីឡាឈានមុខគេរបស់កម្ពុជា ក្នុងការដណ្តើមមេដាយមាស ពិភពលោកនោះ។
សម្តេចក្រឡាហោម ស ខេង បានរំពឹងថាកីឡាករដែលនឹងត្រូវចូលរួមប្រកួតនៅប្រទេសចិន នាខែវិច្ឆិកាខាងមុខនេះ នឹងទទួលបានជោគជ័យ និងទទួលបានមេដៃមាសជាច្រើនយកមកជូនដល់ជាតិមាតុភូមិ។
ក្នុងឱកាសនោះសម្តេចស ខេងក៏បានផ្តល់ប្រាក់ឧបត្ថម្ភជិតពីរម៉ឺនដុល្លារដល់ក្រុមកីឡាករទាំងនោះផងដែរ៕