(ភ្នំពេញ)៖ លោកស្រី អ៊ីវ៉ា ង្វៀនប៊ីញ (Eva Ngunen Binh) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានសន្យាថានឹងបង្កើនទិដ្ឋាការផ្នែកពាណិជ្ជកម្ម (BussenessVisa) ជាមួយកម្ពុជាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគទុនរបស់ប្រទេសទាំងពីរឲ្យកាន់តែច្រើនឡើង។
ការលើកឡើងរបស់លោកស្រី អ៊ីវ៉ា ង្វៀនប៊ីញ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោកស្រី អ៊ីវ៉ា ង្វៀនប៊ីញ បានលើកឡើងថា ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ (កម្ពុជា-បារាំង) លោកស្រីនឹងខិតខំធ្វើយ៉ាង ណាសហការជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងគោលបំណងបង្កើនទិដ្ឋាការពាណិជ្ជកម្មដល់អ្នកវិនិយោគទុននៃប្រទេសទាំងពីរ ហើយជាមួយគ្នានោះ លោកស្រីក៏បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការទប់ស្កាត់ផលិតផលក្លែងក្លាយនៅកម្ពុជាផងដែរ។
លោកស្រី អ៊ីវ៉ា ង្វៀនប៊ីញ បានបន្តទៀតថា ប្រទេសកម្ពុជា និងប្រទេសបារាំង គឺជាមិត្តជិតស្និតជាមួយគ្នាតាំងពីរយូរលង ណាស់មកហើយ ហើយទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ គឺបានកើនឡើងពីមួយឆ្នាំទៅមួយ ឆ្នាំដូច្នេះក្រោយពីបង្កើនទិដ្ឋាការពាណិជ្ជកម្មអ្នកស្រីរំពឹងថា ការវិនិយោគទ្វេភាគីនឹងកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ។
នៅក្នុងកិច្ចជំនួបនោះដែរសម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងការស្វាគមន៍ចំពោះការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូតបារាំង ហើយសម្តេចរំពឹងថាទំនាក់ទំនងនៃប្រទេសកម្ពុជា និងបារាំងនឹងកាន់តែជិតស្និតបន្ថែមទៀតលើគ្រប់វិស័យខណៈនាពេលបច្ចុប្បន្នសមត្ថកិច្ច របស់បារាំង បានសហការគ្នាយ៉ាងល្អជាមួយ និងក្រសួងមហាផ្ទៃ ក្នុងការទប់ស្កាត់នូវផលិតផលក្លែងក្លាយជាពិសេសថ្នាំពេទ្យតែម្តងនោះ។
សម្តេចបានបន្តថា នាពេលបច្ចុប្បន្ននេះថ្នាំពេទ្យរបស់បារាំង គឺជាទំនុកចិត្តដ៏ធំបំផុតរបស់ពលរដ្ឋខ្មែរក៏ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ មានឈ្មួញខិលខូចមួយចំនួនបានយកថ្នាំពេទ្យក្លែងក្លាយមកលក់ឲ្យពលរដ្ឋកម្ពុជា ដោយដាក់ជាផលិតផលបារាំង។
តែយ៉ាងណាក្តីសមត្ថកិច្ចកម្ពុជា និងបារាំងបានខិតខំសហការគ្នាយ៉ាងខ្លាំងក្នុងការទប់ស្កាត់នៅបទល្មើសនេះមិនឲ្យមានតទៀតនោះឡើយ។
ទាក់ទងនឹងបញ្ហាទប់ស្កាត់ផលិតផលនិងថ្នាំពេទ្យក្លែងក្លាយនេះសម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងប្រាប់ដល់លោកស្រី អ៊ីវ៉ា ង្វៀនប៊ីញ ផងដែរថា កាលពីកន្លងទៅថ្មីៗសមត្ថកិច្ចចម្រុះរបស់ក្រសួងមហាផ្ទៃ សហការគ្នាជាមួយបារាំង ដុតកំទេចនៅផលិផលក្លែងក្លាយនេះអស់ប្រ ជាង៨០តោនដែលផលិផលក្លែងក្លាយខ្លះក៏បាននាំចេញពីប្រទេសបារាំងផងដែរ៕