Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តព្រះវិហារ បង្រ្កាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនមនុស្ស៤នាក់ រឹបអូសគ្រឿងញៀន១៧កញ្ចប់ និងវត្ថុតាងជាច្រើនទៀត

31-10-2017 18:46

(ព្រះវិហារ)៖ ជនសង្ស័យចំនួន៤នាក់ ព្រមទាំងថ្នាំញៀន និងវត្ថុតាងជាច្រើនត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បង្ក្រាបនិងរឹបអូសបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក ឆយ បូរិន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រលប់ថ្ងៃនេះថា យុទ្ធនាការបង្ក្រាបគ្រឿងញៀននេះ កម្លាំងនគរបាលប៉ុស្តិ៍ព្រះឃ្លាំង សហការជាមួយកម្លាំងនគរបាលអធិការស្រុកត្បែងមានជ័យ ព្រមទាំងមានការចូលរួមពីជំនាញគ្រឿងញៀនខេត្ត អនុវត្តតាមដីការបស់លោក ទី សុរិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះឆែកឆេផ្ទះឈ្មោះ ចាន់ ពិសិដ្ឋ អាយុ៣០ឆ្នាំ រស់នៅភូមិឃុំខាងលើ ជាលទ្ធផល កម្លាំងបានឃាត់ខ្លួនជនសង្ស័យបាន៤នាក់ គ្រឿងញៀនប្រភេទម៉ាទឹកកក១៧កញ្ចប់ ក្នុងនោះធំ១កញ្ចប់ ទូរស័ព្ទ១៧គ្រឿង ម៉ូតូ៤គ្រឿង ម៉ាស៊ីនត្រង់ស៊ីន័រ៣គ្រឿង អាវុធខ្លីម៉ាកk៥៤មួយដើម ប្រាក់១០លានរៀល ១៣០០ដុល្លារ អាវុធកែឆ្នៃ៣ដើម ប្រដាប់ជក់ស៊ីសា១ កាំបិតវែង១ ប្រដាប់ជក់ និងជញ្ជីងថ្លឹងផងដែរ។

លោក ឆយ បូរិន បានឲ្យដឹងទៀតថា ជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី០១ ខែវិច្ឆិកា ស្អែកនេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕