(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីក្រោមឱវាទមួយចំនួន ដើម្បីទទួលយកនូវទេយ្យទាន មានជាទឹកបរិសុទ្ធចំនួន៥០០កេស ពីព្រះតេជព្រះគុណ សុវណ្ណធម្មថេរោ ព្រះនាម ចន្ទ សុភាព គង់នៅវត្ត «ទួលសន្តិវ័ន» ហៅវត្ដទួលអស់លោក ដើម្បីយកមករក្សាត្រៀមទុក បន្តបរិច្ចាគជូនមន្ត្រី កងកម្លាំងនានា សម្រាប់ពិសារពេល ដែលបំពេញភារកិច្ចផ្សេងៗ ក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ។
ក្នុងឱកាសប្រគល់ និងទទួលទឹកបរិសុទ្ធចំនួន៥០០កេស ខាងលើនេះ ព្រះតេជព្រះគុណ សុវណ្ណធម្មថេរោ ព្រះនាម ចន្ទ សុភាព គង់នៅវត្ត «ទួលសន្តិវ័ន» បានមានសង្សដីកាថា សម្រាប់ទឹកបរិសុទ្ធចំនួន៥០០កេស ដែលបានប្រគេនមកអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានមកពីការចូលរួមឧបត្ថម្ភគាំទ្រ ពីពុទ្ធបរិស័ទជិតឆ្ងាយ ជាថវិកាតិចក្ដី ច្រើនក្ដី ដើម្បីឲ្យគណៈកម្មការបានចូលរួម សហការបរិច្ចាគ នូវវប្បធម៌ចែករំលែក ក្នុងបំណងដើម្បីលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង ឲ្យកាន់តែមានភាពរីកចម្រើន លូតលាស់ទាំងវិស្ស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស្ស័យ។
បន្ថែមពីនេះ លោក ជា ពិសី បានថ្លែងថា «ខ្ញុំព្រះករុណា ខ្ញុំជួសមុខ ឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ក៍ដូចមន្ត្រីបុគ្គលិកសាលាខណ្ឌឫស្សីកែវទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណសុវណ្ណធម្មថេរោ ព្រះនាម ចន្ទ សុភាព ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តទួលសន្តិវ័ន្ដ ដោយបានផ្ដល់ជូននូវវប្បធម៌ ចែករំលែក មកដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដើម្បីមានឱកាសចែកជូនបរិច្ចាគបន្តដល់មន្ត្រី ក៍ដូចជាកងកម្លាំង ដែលខិតខំប្រឹងប្រែងបំពេញកត្តព្វកិច្ចមានការហត់នឿយអាចហូបបាន ដោយមិនចាំបាច់ចំណាយថវិកាទិញបានមួយរយៈពេលផងដែរ»៕