(ព្រៃវែង)៖ បន្តចាកចេញទៀតហើយ! ជាក់ស្តែងថ្ងៃនេះ សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងម្នាក់ទៀតហើយ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ បម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។
សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងរូបនេះ គឺលោក នង ស្រេង រស់នៅខេត្តព្រៃវែង។
យោងតាមលិខិតផ្ញើជូនសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក នង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា «សូមសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា មេត្តាអនុញ្ញាតឲ្យខ្ញុំបាត សុំចូលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាផង។ ខ្ញុំបានមើលឃើញពីទង្វើលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ បានឃុបឃិតជាមួយបរទេស ចង់បំផ្លាញប្រទេសកម្ពុជា ជាទ្វើក្បត់ជាតិរបស់លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ»។
សម្តេចតេជោ ហ៊ុន សែន ក្នុងពេលដែលសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយ តំណាងកម្មករនិយោជិត កាលពីពេលកន្លងទៅ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បណ្ដាញសារព័ត៌មាន Fresh News បានទទួលលិខិតនៃការប្រកាសដើរចេញរបស់សកម្មជនសំខាន់ៗ ដែលប្រកាសដើរចេញពីបក្ស ប្រឆាំងមួយនេះ កើនឡើងជិត៤០នាក់ហើយ៕