ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) លោកស្រី ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) និងឯកឧត្តម អ៊ុម រម្យណី អគ្គនាយក វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានចុះអនុស្សរណៈព្រមព្រៀងគ្នា (MOA) ដើម្បីផ្លាស់ប្ដូរមុខវិជ្ជាតាម E-Learning រវាងស្ថាប័នឧត្តមសិក្សាទាំងពីរ ក្រោមអធិបតីភាពលោក យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា ។
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជាសាកលវិទ្យាល័យឯកជនទី ១ ដែលបានចុះអនុស្សរណៈ លើការរៀនតាមប្រព័ន្ធបច្ចេកវិទ្យា E-Learning ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ។ តាមលក្ខណ្ឌនៃ MOA នេះ ITC មានភារកិច្ចផ្ដល់ជូន PPIU នូវមុខវិជ្ជាតាម online ចំនួន ១៨ មុខវិជ្ជានិងគាំទ្រការអភិវឌ្ឍន៍ជំនាញ ចំនួន ២ មុខវិជ្ជា ក្នុងមួយឆ្នាំ ព្រមទាំងតភ្ជាប់ជាមួយនិងប្រព័ន្ធស្រាវជ្រាវអប់រំកម្ពុជា (CamREN)។
រីឯ PPIU ត្រូវតភ្ជាប់ប្រព័ន្ធ រវាង PPIU និង ITC និងរៀបចំក្រុមបច្ចេកទេស ដើម្បីសហការជាមួយក្រុមបច្ចេកទេស ITC ។
តាមរយៈ MOA នេះ និស្សិត PPIU មានលទ្ធភាពរៀន តាមប្រព័ន្ធបច្ចេកវិទ្យា E-Learning កាន់តែងាយស្រួលថែមទៀត ៕