(ភ្នំពេញ)៖ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma បានរៀបចំកម្មវិធីពិនិត្យព្យាបាល រួមទាំងផ្ដល់ថ្នាំព្យាបាលដោយឥតគិតថ្លៃ ដល់អ្នកជំងឺឆ្អឹងខ្នង និងប្រព័ន្ធប្រសាទ សម្រាប់អ្នកចុះឈ្មោះ៥០នាក់ដំបូង ព្យាបាលដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម។
ការពិនិត្យព្យាបាលអ្នកជំងឺដោយឥតគិតថ្លៃនេះ ធ្វើឡើងដើម្បីលើកកម្ពស់សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យមានឱកាសទទួលបានការថែទាំសុខភាព ប្រកបដោយគុណភាព ពីសំណាក់វេជ្ជណ្ឌិតឯកទេសវៀតណាម ដែលមានឈ្មោះល្បីល្បាញ និងមានបទពិសោធន៍ច្រើនឆ្មាំ រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅ មន្ទីរពេទ្យជោរៃភ្នំពេញ ជាងនេះទៅទៀត គឺជួយឲ្យប្រជាពលរដ្ឋ ឲ្យយល់កាន់តែច្បាស់ អំពីសារៈសំខាន់ នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើសវិធីព្យាបាល ឲ្យបានសមស្របបំផុត។
លោកវេជ្ជបណ្ឌិត ផាន ក្វ័ងសឺន ឯកទេសព្យាបាលជំងឺឆ្អឹងខ្នង និងប្រព័ន្ធប្រសាទ បានឲ្យដឹងថា ជំងឺឆ្អឹងខ្នង និងប្រព័ន្ធប្រសាទនេះ ជាជំងឺម្យ៉ាងដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ឬគ្រោះថ្នាក់ផ្សេងៗ ដែលបណ្ដាលឲ្យបាក់ឆ្អឹងខ្នង ឬបណ្ដាលមកពីមនុស្សចាស់បណ្ដាលឲ្យឆ្អឹងខ្នងសឹក ខូចទ្រនាប់ឆ្អឹងខ្នង ឬឆ្អឹងចង្កេះជាដើម។
លោកវេជ្ជបណ្ឌិតបន្ដទៀតថា «ជំងឺនេះមានពីរកម្រិត រួមមានកម្រិតធ្ងន់ និងកម្រិតស្រាល ដែលកម្រិតស្រាលបណ្ដាលឲ្យស្រុតឆ្អឹង ឬប្រេះឆ្អឹង ចំណែកឯកម្រិតធ្ងន់វិញអាចបាកឆ្អឹង បណ្ដាលឲ្យប៉ះពាល់ដល់ខួរឆ្អឹង ហើយប្រសិនបើខ្លាំង អាចបណ្ដាលឲ្យពិការថែមទៀតផងនេះ ជាកត្តាដែលបង្កឲ្យមានគ្រោះថ្នាក់បំផុត»។
លោកបានបញ្ជាក់ទៀតថា កត្តាមួយទៀត បណ្ដាលមកពីអ្នកជំងឺដោយខ្លួនឯងមានន័យថា កាលណាអ្នកជំងឺនៅក្មេងធ្វើការធ្ងន់ ក៏អាចភ្លាត់ឆ្អឹងគាប់សសៃ ធ្វើគៀបឆ្អឹងបណ្ដាល ឲ្យអ្នកជំងឺមិនអាចដើរបាន មួយវិញទៀតអាចមានដុំក្នុងខួរឆ្អឹងកងក ឬឆ្អឹងខ្នងវាអាចអ្នកជំងឺស្វិតឬដើរមិនរួច។
លោកវេជ្ជបណ្ឌិតបានបន្ដទៀតថា «ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ទាំងនេះ យើងគួរប្រុងប្រយ័ត្នយ៉ាងណាកុំឲ្យឈរ ឬធ្វើការដែលប៉ះពាល់ដល់ឆ្អឹង ដូចជាលើកធ្ងន់ អង្គុយមិនត្រង់ខ្លួនកត្តាទាំងនេះ ដែលបណ្ដាលឲ្យឈឺឬខូចឆ្អឹង»។
គួរបញ្ជាក់ថា កម្មវិធីពិនិត្យព្យាបាលដោយឥតគិតថ្លៃ របស់មន្ទីរពេទ្យជោរៃនេះ នឹងធ្វើឡើងជារៀងរាល់ខែជាមួយ នឹងវេជ្ជបណ្ឌិតឯកទេសផ្សេងៗគ្នា ដើម្បីទទួលបានការព្យាបាល ដោយឥតគិតថ្លៃ ដោយអ្នកជំងឺអាចចុះឈ្មោះតាមរយៈលេខទូរស័ព្ទ ០២៣ ៦៨ ៤១ ០០១, ០២៣ ២៨ ៤១ ០០២៕