(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានប្រាប់ទៅថ្នាក់ដឹកនាំក្នុងមូលដ្ឋានខណ្ឌទាំងអស់ ត្រូវទប់ស្កាត់បទល្មើសសំណង់ និងការសាងសង់រំលោភចំណីស្ទឹង បឹងប្រឡាយ និងដីសាធារណៈរបស់រដ្ឋ ព្រោះទង្វើបែបនេះជាទង្វើខុសច្បាប់ ហើយប៉ះពាល់ខ្លាំងណាស់ ពិសេសនៅពេលមានភ្លៀងធ្លាក់ម្ដង។
ការប្រកាសបែបនេះ ត្រូវបានធ្វើឡើងព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ តំណាងភូមិភាគពិសេសប្រចាំខណ្ឌ ប្រធានការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ សមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ក្នុងខណ្ឌ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៣សរុបប្រមាណ ១២០នាក់។
ក្រៅពីការងារខាងលើនេះ លោកអភិបាលខណ្ឌ ក៏បានផ្សព្វផ្សាយអំពីសភាពនយោបាយបច្ចុប្បន្ន, ការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ, ការងារទប់ស្កាត់ បង្កា បង្ក្រាបបទល្មើសនានាក្នុងមូលដ្ឋាន ជាពិសេសបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និងការងារអនាម័យបរិស្ថាន ការទុកដាក់ និងប្រមូលសំរាម។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏ឧបត្ថម្ភដល់អធិការដ្ឋាននគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌ នូវ អង្ករ ប្រេង និងថវិកា សម្រាប់ការពារក្នុងពិធីបុណ្យអុំទូកផងដែរ៕