(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានលើកឡើង ការអនុវត្តគោលនយោបាយ «China Ready» សម្រាប់ទេសចរណ៍កម្ពុជា គឺជាកាល្លានុវត្តភាពមាសសម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍កម្ពុជា ក្នុងបរិបទនៃការអនុវត្តគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងវិថី»។
ការលើកឡើងបែបនេះ ក្នុងឱកាសវេទិកាថ្នាក់ជាតិលើកទី២ ស្តីពី «ទីផ្សារទេសចរណ៍ចិន និងការត្រៀមលក្ខណៈសម្បត្តិ ទទួលភ្ញៀវទេសចរចិន (China Ready) សម្រាប់ទេសចរណ៍កម្ពុជា» ដែលរៀបចំឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមកិច្ចសហការជាមួយ មជ្ឈមណ្ឌលអាស៊ាន-ចិន ដោយមានការចូលរួមពី លោកស្រី YANG XIUPING អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-ចិន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន ប្រតិបត្តិករទេសចរណ៍ យុវជន សិស្ស-និសិ្សត ប្រមាណ៦០០នាក់។
រដ្ឋមន្ត្រី ថោង ខុន បញ្ជាក់ថា ទីផ្សារចិនត្រូវបានមើលឃើញថាជាប្រភពលំហូរចេញ (Outbound) ដែលមានកំណើនខ្លាំងជាងគេនៅក្នុងតំបន់ និងសកលលោក ខណៈដែលអង្គការទេសចរណ៍ពិភពលោក (UNTWO) បានផ្តល់អនុសាសន៍ឲ្យបណ្តាប្រទេសជាសមាជិករបស់ខ្លួន រៀបចំលក្ខណៈសម្បត្តិក្នុងការត្រៀម ទទួលស្វាគមន៍ភ្ញៀវទេសចរចិន (China-Ready)។ និន្នាការនេះក៏ស្របទៅនឹងស្មារតីនៃគំនិតផ្តួចផ្តើមនៃយុទ្ធសាស្រ្ត «ខ្សែក្រវ៉ាត់ និងវិថី-The Belt and Road» ដែលជាក្របខណ្ឌនយោបាយឈ្នះ-ឈ្នះរបស់រដ្ឋាភិបាលចិន។
ប្រមុខក្រសួងទេសចរណ៍រូបនេះ បន្តថាអនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញពីការស្រូបទាញកំណើនយ៉ាងគំហុក នៃលំហូរទេសចរចេញក្រៅ (Outbound) របស់ភ្ញៀវទេសចរចិន ក្នុងបរិបទនៃកំណើនទេសចរណ៍ ជារួមរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក និងសកលលោក។ នៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យទេសចរណ៍ អាស៊ានក៏ដូចជាកម្ពុជា បានចាត់ទុកចិនជាដៃគូយុទ្ធសាស្រ្ត និងជាប្រភពទីផ្សារដ៏សំខាន់បំផុត។
ក្រសួងទេសចរណ៍ សហការជាមួយស្ថាប័នពាក់ព័ន្ធ បានរៀបចំដាក់ចេញសៀវភៅសស្តីពី «China Ready» សម្រាប់ទេសចរណ៍កម្ពុជា និងបានបង្កើតប្រព័ន្ធបញ្ជាក់គុណភាព China Ready សម្រាប់ឧស្សាហកម្មទេសចរណ៍ ដែលស្របនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍
អាស៊ាន (ATSP) ២០១៦-២០២៥ ក៏ដូចជាផែនការយុទ្ធសាស្រ្តទីផ្សារទេសចរណ៍របស់អាស៊ាន (ATMS) សំដៅត្រៀមទទួលស្វាគមន៍ ប្រកបដោយភាពកក់ក្តៅដល់ភ្ញៀវទេសចរចិន ឲ្យបានប្រមាណ២លាននាក់ នៅក្នុងឆ្នាំ២០២០ (ឲ្យបាន១ភាគរយ នៃចំនួនទេសចរចិនចេញក្រៅប្រទេសប្រមាណ ២០០លាននាក់)។
ក្នុងពិធីបើកនៃអង្គវេទិកានេះ លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍គន្លឹះ ៣សម្រាប់អង្គពិធីគឺ៖
ទី១៖អង្គវេទិកាគួរផ្តោតការពិចារណា អំពីលទ្ធភាពនៃការបើកចំហរឲ្យកាន់តែទូលាយ (Road for Opening Up) អមជាមួយការបង្កើនកិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយទេសចរណ៍ រវាងប្រទេសទាំងពីរឲ្យកាន់តែទូលាយរបៀបម៉េច? ដោយត្រូវយកចិត្តទុកដាក់លើការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយរបៀបម៉េច? ការជំរុញការតភ្ជាប់ (Connectivity)? និងការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនដល់ភ្ញៀវទេសចរ?
ទី២៖អង្គវេទិកានេះគួរផ្តោតការពិភាក្សាគ្នាលើដំណើរផ្លូវឆ្ពោះទៅរកការរីកចម្រើន និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាឆ្ពោះទៅឆ្នាំ២០៣០ តាមរយៈការមកដល់ នៃភ្ញៀវទេសចរចិន (Road For Prosperity) ទាំងអស់គ្នាអាចទទួលបានផលប្រយោជន៍ពីទីផ្សារចិន ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការអនុវត្តប្រព័ន្ធវាយតម្លៃ China Ready accreditation ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍។
ទី៣៖វេទិកានឹងផ្តល់នូវផ្លូវឆ្ពោះទៅការគិតគូរអំពី នាវានុវត្តភាពក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា (Road ForInnovation) ដោយត្រូវពិភាក្សាអំពីយន្តការ នៃភាពជាដៃគូ រដ្ឋ-ឯកជន (PPP) ក្នុងការគាំទ្រការអភិវឌ្ឍ និងវិនិយោគទេសចរណ៍ ស្របតាមនិន្នាការនៃភ្ញៀវទេសចរចិន។
យើងសង្កេតឃើញថា ភ្ញៀវទេសចរចិនមកកម្ពុជាមានចំនួនកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ហើយជាក់ស្តែងក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ចំនួន៥លាននាក់ ដែលមកទស្សនាកម្ពុជានៅឆ្នាំ២០១៦នេះ មានភ្ញៀវទេសចរចិនចំនួនប្រមាណ៨៣ម៉ឺននាក់ ដោយកើនឡើង២០ភាគរយ និងឈរក្នុងលំដាប់ទី២។
សម្រាប់០៨ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៥៣៦,៥៣០នាក កើនឡើង ១១,៨%ក្នុងនោះ ភ្ញៀវចិនមានចំនួនប្រមាណ៧៤២,៥៩៦នាក់ កើនឡើង៤៤.៤% ឈរលំដាប់ទី១។ តាមការព្យាករណ៍នៅឆ្នាំ២០១៧នេះ កម្ពុជានឹងទទួលបានទេសចរចិន ប្រមាណ១លាននាក់ ហើយនឹងកើនដល់យ៉ាងតិច២លាននាក់ នៅឆ្នាំ២០២០៕