(កំពង់ស្ពឺ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចែកម៉ូតូប្រភេទ YAMAHA SIRIUS 110CC Model Year 2017 របស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងប៉ាណកសាស្ត្រ ជួនដល់បុគ្គលិកមណ្ឌលសុខភាពកម្មវិធីគ្រុនចាញ់ និងមន្ត្រីកម្មវិធីគ្រុនចាញ់ក្រោមគម្រោងមូលនិធិសកល(GFATM) ដែលមានឈ្មោះថា RAI របស់មណ្ឌលសុខភាពប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងប៉ាណកសាស្ត្រនៃក្រសួងសុខាភិបាល។
ក្នុងពិធីចែកម៉ូតូដែលធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្ត លោក វ៉ី សំណាង បានថ្លែអំណរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យ និងលោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំ បម្រើ និងព្យាបាលជំងឺជួនប្រជាពលរដ្ឋទូទៅ ដោយយកអស់កំលាំងកាយចិត្ត និងបច្ចេកទេស ជំនាញវិជ្ជាជីវៈ ដើម្បីសុខមាលភាពប្រជាជនក្នុងខេត្តកំពង់ស្ពឺ ស្របតាមអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងដាស់តឿន និងយកចិត្តដាក់លើវិស័យសុខាភិបាល ពិសេសសុខមាលភាពបងប្អូនប្រជាជន របស់សម្តេច។
លោកអភិបាល បានបន្តផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងគ្រូពេទ្យទាំងអស់ត្រូវបន្ត យកចិត្តទុកដាក់ព្យាបាលជូនប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនត្រូវគិតតែពីប្រយោជផ្ទាល់ខ្លួននោះឡើយ។
ពេលនេះទៀតសោធន៍ បងប្អូនជាគ្រូពេទ្យ ទទួលបានម៉ូតូថ្មី ជាការលើកទឹកចិត្តបន្ថែមទៀត ដើម្បីឆ្លើយតបតកង្វះខាតមធ្យោបាយធ្វើដំណើរក្នុងផ្តល់សេវាសុខភាពដល់ពលរដ្ឋ។
លោកអភិបាលបន្ថែមថា «ពេលនេះបងប្អូនទទួលបាន ទាំងម៉ូតូ និងមួកសុវត្ថិភាព ដូច្នេះរាល់ការធ្វើដំណើរ ត្រូវពាក់មួកឲ្យបានត្រឹមត្រូវ មុនចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពខ្លួនឯង និងផ្តល់សុខសុវត្ថិភាពអ្នកដ៏ទៃ ដែលរួមដំណើរលើផ្លូវសាធារណៈផងដែរ»៕