(ភ្នំពេញ)៖ សមាគមអតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទឺតកម្ពុជា ជាសមាគមផ្ដោតសំខាន់ ក្នុងការងារស័្មគ្រចិត្ដ ជួយសង្គម បានប្រារព្ធខួបមួយឆ្នាំរបស់ខ្លួន នៅសណ្ឋាគារ កាំបូឌីយ៉ាណា កាលពីចុងសប្ដាហ៍ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្ដិយស របស់សមាគម និងជាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ។
ក្នុងឱកាសនោះ លោក ស៊ន សុខណា ប្រធានសមាគមអតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទឺតកម្ពុជា ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដល់លោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ដែលជាឥស្សរជនជាន់ខ្ពស់ ខាងវិស័យសេដ្ឋកិច្ច នយោបាយ ហើយតែងតែគាំទ្រដល់និស្សិត បញ្ញវ័ន្ត ជាពិសេសបានគាំទ្រដល់សមាគម តាំងពីដើមរៀងមក និងថ្លែងអំណរគុណ ដល់ម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ ដែលមានវត្ដមាននៅទីនេះ និងលោកស្រី ហ៊ុន ម៉ាណា ដែលតែងតែចូលរួមឧបត្ថម្ភកន្លងមកនេះ។
លោក ស៊ន សុខណា បានថ្លែងថា អតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទឺតកម្ពុជា មានចំនួនច្រើន ហើយបានប្រមូលចងក្រងគ្នាជាសមាគម ដើម្បីឱ្យមានការស្រលាញ់សាមគ្គីគ្នា ជួយគ្នាក្នុងគ្រាមានការលំបាក ហើយអតីតនិស្សិតទាំងនោះ បាននឹងកំពុងបម្រើការងារ និងប្រកបមុខរបររៀងៗខ្លួន ទាំងនៅក្នុងវិស័យសាធារណៈ និងឯកជន ហើយពួកយើង ក៏បានចូលរួមយ៉ាងសកម្មជាមួយសកម្មភាពមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និងខ្វះខាត ក្នុងការសិក្សារៀនសូត្រ និងការរស់នៅផង។
ទន្ទឹមនឹងនោះ លោក កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានថ្លែងថា «ថ្ងៃនេះខ្ញុំពិតជាមានសេចក្ដីសប្បាយរីករាយយ៉ាងខ្លាំង ដែលបានជួបជាមួយអតីតនិងបច្ចុប្បន្នជានិស្សិតសាកលវិទ្យាល័យឆាលស្ទឺត ប្រទេសអូស្ដ្រាលី តាមរយៈកម្មវិធីសហប្រតិបត្ដិការជាមួយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបង្កើតសមាគមអតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទឺតកម្ពុជានៅពេលនេះ បន្ទាប់ពីសមាគមនេះត្រូវបានបង្កើតឡើង និងទទួលស្គាល់ ពីក្រសួងមហាផ្ទៃ នៅដើមខែមិថុនាឆ្នាំ២០១៦ ក្នុងគោលបំណងចូលរួមការងារសង្គម ជួយដល់ជនដែលងាយរងគ្រោះ ដើម្បីចូលរួមចំណែកកសាងសេដ្ឋកិច្ចតាមគោលការណ៍រាជរដ្ឋាភិបាល ក៏ដូចជា ការចែករំលែកបទពិសោធន៍ និងពង្រឹងសាមគ្គីភាពរវាងសមាជិកនៃសមាគម»។
លោក កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានថ្លែងទៀតថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏វៃឈ្លាស ពោរពេញដោយបញ្ញាញាណ និងគិតបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ដ្រី នៃកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយនៅក្នុងការអភិវឌ្ឍន៍ប្រទេស។ កម្ពុជាមានមហិច្ឆិតា ប្រែក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ កម្ពុជាត្រូវមានប្រជាពលរដ្ឋ ដែលឆ្លាតវៃ មានធនធនាមនុស្សប្រកបដោយសមត្ថភាព គុណភាព និងប្រសិទ្ធភាព មានឆន្ទៈ ជួយដល់កិច្ចការសង្គម ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ និងការបន្ដកាត់បន្ថយភាពក្រីក្រ និងគម្លាតរវាងអ្នកមាននិងអ្នកមិនទាន់មាន នៅទូទាំងប្រទេស និងព្រមជាទាំងឈានដល់កិច្ចការធ្វើទំនើបកម្ម វិស័យកសិកម្ម និងសិប្បកម្ម ហើយឆ្ពោះឈានទៅជាប្រទេសឧស្សាហកម្ម នោះទើបយើងអាចសម្រេចបាននូវចក្ខុវិស័យដ៏វែងឆ្ងាយមួយនេះ សម្រាប់ប្រទេសយើង ដោយគេចផុតពីអង្គប់របស់ប្រទេសមានចំណូលកម្រិតមធ្យមខ្ពស់ តាមរយៈការដាក់ចេញ និងការអនុវត្ដគោលនយោបាយ អភិវឌ្ឍវិស័យឧស្សាហ៍កម្មកម្ពុជា ឆ្នាំ២០១៥-២០២៥»។
លោកកិត្ដិសេដ្ឋាបណ្ឌិតគាតឈន់ បានថ្លែងទៀតថា ដូច្នេះ ត្រូវចូលរួមយ៉ាងសកម្មទាំងអស់គ្នា ដើម្បីធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍កាន់តែប្រសើរឡើង ស្របទៅគោលការណ៍ដែលយើងសម្លឹងទុកនោះ៕