(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន គ្រោងនឹងបញ្ឈប់ មិនឲ្យមានការចាក់ផ្សាយស្ព័តពាណិជ្ជកម្មបរទេសលើកញ្ចក់ទូរទស្សន៍នៅឆ្នាំក្រោយ ដើម្បីជំរុញឲ្យមានការចាក់ ផ្សាយស្ព័តពាណិជ្ជកម្មក្នុងស្រុក ឲ្យបានកាន់តែច្រើន។
ថ្លែងក្នុងកម្មវិធីបិទ មហោស្រពភាពយន្ដខ្លីចតុមុខ ឆ្នាំ២០១៧ នាយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ លោករដ្ឋមន្រ្ដីបានថ្លែងឲ្យដឹងថា «យើងនឹងព្យាយាមកាត់បន្ថយការចាក់ផ្សាយស្ព័តពាណិជ្ជកម្មបរទេស ដើម្បីយកស្ព័តពាណិជ្ជកម្មខ្មែរទាំងអស់ដាក់ជំនួសវិញ ព្រោះថាយើងមានទាំងអ្នកនិពន្ធ សិល្បករ អ្នកកាត់តទាំងអស់នឹងគ្រប់គ្រាន់។ ឥឡូវនេះយើងនឹងកំពុង តែជំរុញឲ្យមានការទទួលយកកុនខ្លីចាក់ផ្សាយលើកញ្ចក់ទូរទស្សថែមទៀតផង»។
លោករដ្ឋមន្ត្រីបន្ដទៀតថា បច្ចុប្បន្ននេះក្រសួងកំពុងរៀបចំម៉ោងមាស (៧ដល់៩យប់) មិនឲ្យដាក់បញ្ចាំងកុនបរទេស មានន័យថា ម៉ោងមាសនេះនឹងអនុញ្ញាតឲ្យផ្សាយជាកុន ឬស្ព័តពាណិជ្ជកម្មនានារបស់ខ្មែរ ឬជារបស់ដែលបានផលិត ក្នុងស្រុកតែប៉ុណ្ណោះ។
ងាកមកកម្មវិធីបិទមហោស្រពភាពយន្ដខ្លីចតុមុខ ឆ្នាំ២០១៧វិញ លោករដ្ឋមន្រ្ដីបានថ្លែងឲ្យដឹងថា «នេះជាលើកទី៦ហើយ នៃការប្រារព្ធកម្មវិធីនេះ ពីមួយឆ្នាំទៅមួយឆ្នាំឃើញថា អ្នកដែលមាននិស្ស័យស្រលាញ់ភាពយន្ដនេះកាន់តែច្រើនឡើងៗ ដោយឆ្នាំនេះ មានរឿងខ្មែរប្រមាណជា១៥៨រឿង។ នេះជាការរីកចម្រើនមួយ ពិតមែនតែនេះ ជាខ្សែភាពយន្ដខ្នាតខ្លី តែវាជាថ្នាលមួយ ដើម្បីឲ្យអនាគតផលិតកររបស់យើង អាចឈានទៅក្នុងវិស័យភាពយន្ដបាន ហើយនេះជាថ្នាលមួយ ដើម្បីបណ្ដុះបណ្ដាលសិល្បករ អ្នករៀបចំឆាកទាំងអស់បានរៀនសូត្រ»។
លោក ជា សុខហ៊ី ប្រធានមហោស្រពភាពយន្ដខ្លី២០១៧ បានថ្លែងថា ក្នុងឆ្នាំនេះកម្មវិធីមហោស្រពភាពយន្ដខ្លីចតុមុខ ធ្វើការបញ្ចាំងរឿងសរុបចំនួន១៥៨រឿង ដែលក្នុងនោះរួមមានរឿងខ្មែរ ជាប់ប្រកួតចំនួន២៨រឿង, រឿងបរទេសជាប់ប្រកួតចំនួនចំនួន១០៣រឿង និងរឿងសម្រាប់បញ្ចាំងពិសេសចំនួន២៧រឿង។
សូមបញ្ជាក់ថា មហោស្រពភាពយន្ដខ្លីចតុមុខ គឺជាកម្មវិធីមួយរៀងចំឡើងសម្រាប់យុវជន និងយុវនារីខ្មែរទាំងឡាយ ដែលស្រលាញ់ វិស័យភាពយន្ដ ឲ្យមានឱកាសបញ្ចេញស្នាដៃ និងទទួលដឹងព័ត៌មានកាន់តែច្រើន អំពីវិស័យភាពយន្ដ ហើយក៏ជាស្ពានតភ្ជាប់យុវជន យុវនារីខ្មែរ ទៅកាន់វិស័យភាពយន្ដខ្មែរ ដែលជាគោលបំណងពង្រឹង និងពង្រីកវិស័យភាពយន្ដខ្មែរ ឲ្យកាន់តែរីកចំរើននាថ្ងៃអនាគត៕