(សៀមរាប)៖ បន្តចាកចេញទៀតហើយ ថ្ងៃនេះសមាជិកក្រុមប្រឹក្សាឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាបម្នាក់ទៀត មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។
សមាជិកក្រុមប្រឹក្សាឃុំតាសៀម រូបនេះ គឺលោក វ៉ាយ ណារិន អាយុ៤០ឆ្នាំ រស់នៅឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
យោងតាមលិខិតប្រកាសចាកចេញពីគណបក្សសង្គ្រោះជាតិ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច សមាជិកក្រុមប្រឹក្សាឃុំតាសៀម បានបញ្ជាក់ថា «ខ្ញុំបាទមិនបានដឹងអំពើក្បត់ជាតិរបស់គណបក្សសង្គ្រោះជាតិ ពីមុនមកពេលនេះខ្ញុំបាទដឹង និងសុំលាឈប់ពីគណបក្សសង្គ្រោះជាតិ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ ព្រោះគណបក្សប្រជាជនកន្លងមក បានរួមរស់ជាមួយប្រជាជនគ្រប់កាលៈទេសៈ និងអភិវឌ្ឍន៍ប្រទេសឲ្យសំបូររុងរឿង រហូតដល់សព្វថ្ងៃ»។
សម្តេចតេជោ ហ៊ុន សែន ក្នុងពេលដែលសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយ តំណាងកម្មករនិយោជិត កាលពីពេលកន្លងទៅ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បណ្ដាញសារព័ត៌មាន Fresh News បានទទួលលិខិតនៃការប្រកាសដើរចេញរបស់សកម្មជនសំខាន់ៗ ដែលប្រកាសដើរចេញពីបក្សប្រឆាំងមួយនេះ កើនឡើងជិត៤០នាក់ហើយ៕