(កំពង់ចាម)៖ ថ្នាក់ដឹកនាំ និងសកម្មជនសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋានកាន់តែបែកបាក់ និងរង្គោះរង្គើរខ្លាំងឡើងៗដោយសារតែ ការប្រកាសដើរចេញរបស់សកម្មជនទាំងនេះ បានកើតឡើងជាហូរហែងជាបន្ដបន្ទាប់ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកកាច់ចង្កួត។
ជាក់ស្ដែងនៅខេត្តកំពង់ចាម ថ្នាក់ដឹកនាំជាសមាជិកក្រុមប្រឹក្សាឃុំ ជាសមាជិកក្រុមប្រឹក្សាស្រុកចំនួន៤នាក់ទៀតហើយ បានប្រកាសជាសាធារណៈដើរចេញពីបក្សសង្គ្រោះជាតិ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
យោងតាមលិខិតនៃការប្រកាសដើរចេញរបស់ថ្នាក់ដឹកនាំ និងសកម្មជនសំខាន់ៗ របស់បក្សប្រឆាំងទាំង៤នាក់នេះ ដែលបណ្ដាញសារព័ត៌មានទទួលបានថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ រួមមាន
ទី១៖ លោកស្រី យ៉ាន សោភា អាយុ៤០ឆ្នាំ មានតួនាទីជាហិរញ្ញឹកគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមប្រឹក្សាស្រុកកងមាស
ទី២៖ លោក សុខ ចំរើន អាយុ៥៦ឆ្នាំ ជាប្រធានគណៈកម្មាធិការប្រតិបត្តិស្រុកព្រៃឈរ និងជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៣៖ លោក អ៊ឹម ជន ជាសមាជិកក្រុមប្រឹក្សាឃុំមៀន ស្រុកព្រៃឈរ
ទី៤៖ លោក ឯម ម៉េងស៊ឹម អាយុ៤៦ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
នៅក្នុងលិខិតទាំង៤ពួកគេបានហៅចំៗទៅលើលោក កឹម សុខា ជាអាយ៉ងអាមេរិកបម្រើបរទេស ហើយញុះញង់ឲ្យមានការបំបែកបំបាក់ជាតិឯង។ ថ្នាក់ដឹកនាំទាំង៤រូបនេះ បានស្ម័គ្រចិត្តមកចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសកាន់តែរីកចម្រើនខ្លាំងឡើង ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
សូមបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាមតែមួយប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បណ្ដាញសារព័ត៌មាន Fresh News បានទទួលលិខិតនៃការប្រកាសដើរចេញរបស់សកម្មជនសំខាន់ៗជាង១០នាក់ ហើយគិតក្នុងក្របខ័ណ្ឌទូទាំងប្រទេសវិញថ្នាក់ដឹកនាំ និងសកម្មជន ដែលប្រកាសដើរចេញពីបក្សប្រឆាំងមួយនេះ កើនឡើងជិត៤០នាក់ហើយ។
ការសម្រេចចិត្តដើរចេញមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជារបស់សមាជិកគណបក្សសង្រ្គោះជាតិនាពេលនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខគណបក្សកាន់អំណាច បានប្រកាសស្វាគមន៍សមាជិកគណបក្សសង្រ្គោះជាតិទាំងអស់។ ជាពិសេស ជាពិសេសរក្សាតំណែងជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាមេឃុំ ចៅសង្កាត់ ជំទប់ និងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យនៅដដែលថែមទៀតផង៕