(ភ្នំពេញ)៖ កម្ពុជា និងជប៉ុន បន្តជំរុញកិច្ចសហប្រតិបត្តិការ សម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត, ពីឆ្នាំ១៩៩២ ដល់ចុងឆ្នាំ២០១៧នេះ ជប៉ុនបានផ្តល់ថវិកាហិរញ្ញប្បទានដល់កម្ពុជា ប្រមាណ៤៤០០លានដុល្លារ។
កិច្ចប្រជុំពិគ្រោះយោបល់តុមូលក្រៅផ្លូវការជាលើកទី១នេះ ប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ភ្នំពេញ ដោយភាគីខាងកម្ពុជា តំណាងដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធាន ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិហើយភាគីជប៉ុន តំណាងដោយលោក SUGANO Yuichi ប្រធានស្ថានតំណាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ តំណាងស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជាចូលរួមផងដែរ។
លោក វង្សី វិស្សុត បានថ្លែងថា កិច្ចប្រជុំនាថ្ងៃនេះ គឺជាចំណុចគោលចរមួយដ៏សំខាន់នៅក្នុងទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនដ៏យូរអង្វែង ដែលចំណាស់ជាង៦៤ឆ្នាំមកហើយគិតមកទល់នឹងឆ្នាំ២០១៧នេះ ក៏ដូចជាកិច្ច សហប្រតិបត្តិការក្នុងកិច្ចអភិវឌ្ឍន៍រវាងដែលគ្របដណ្តប់ច្រើន លើស្ទើរវិស័យ។ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ត្រូវបានលើកកម្ពស់ដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តតាមរយៈដំណើរទស្សកិច្ច ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅកាន់ប្រទេសជប៉ុន កាលពីឆ្នាំ២០១៣ កន្លងទៅ។
លោក វង្សិ វិស្សុត បានបន្តថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្តនេះ បានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនក្រាស់ក្រែលទៅវិញ ទៅមកក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ហើយកិច្ចប្រជុំពិគ្រោះយោបល់តុមូលក្រៅផ្លូវការថ្ងៃនេះនឹងកំណត់ នូវទិសដៅគោលនយោបាយយុទ្ធសាស្រ្តនៃកិច្ចសហប្រត្តិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្តជាពិសេសនៅក្នុងវិស័យអាទិភាពនៅក្នុងរយៈពេល៥ឆ្នាំ តទៅមុខដើម្បីដោះស្រាយ និងបំពេញតម្រូវការខាងផ្នែកអភិវឌ្ឍន៍របស់កម្ពុជា ជាមួយនឹងធនធាន និងការគាំទ្រផ្តល់ដោយរាជរដ្ឋាភិបាលជប៉ុន តាមរយៈ JICA ក៏ដូចជាដើម្បីបង្កើនផលប៉ះពាល់នៃគម្រោងកម្មវិធីទាំងឡាយមកលើការអភិវឌ្ឍកម្ពុជា ឲ្យបានជាអតិបរមាទន្ទឹមនឹងការគិតគូរផងដែរ ទៅដល់និរន្តភាព នៃគម្រោងកម្មវិធីទាំងនោះ។
លើសពីនេះ ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្តនេះ ត្រូវគិតគូរផងដែរ អំពីការបំពេញឲ្យគ្នាទៅវិញ ទៅមករវាង ជំនួយអភិវឌ្ឍន៍ផ្លូវការដែលផ្តល់ជប៉ុន ជាមួយនឹងការវិនិយោគផ្ទាល់ពីជប៉ុន និងពាណិជ្ជកម្មព្រមទាំងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យអាចឈានដល់កម្រិតថ្មីមួយទៀត។
លោក SUGANO Yuichi តំណាងភាគីជប៉ុន បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវឯកសារ គោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សំខាន់ៗសម្រាប់តម្រង់ទិស និងបម្រើឱ្យការអភិវឌ្ឍកម្ពុជា ជាពិសេសនៅក្នុងរយៈពេលពីរឆ្នាំ ចុងក្រោយនេះ ជាពិសេសការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម។
លោក SUGANO Yuichi បានកោតសសើរពីការរីកចម្រើនយ៉ាងឆាប់រហ័យ នៃសេដ្ឋកិច្ចកម្ពុជា ដែលបានធ្វើឱ្យប្រទេសនេះក្លាយទៅប្រទេស ចំណូល មធ្យមកម្រិត ទាបនៅក្នុងបណ្តាឆ្នាំកន្លងទៅ និងកំណើនគួរឲ្យកត់សម្គាល់ នៃការវិនិយោគផ្ទាល់របស់ជប៉ុននៅកម្ពុជា។ ដោយឈរលើមូលដ្ឋាននេះ រដ្ឋាភិបាលជប៉ុន បានធ្វើការកែសម្រួលគោលនយោបាយ នៃសហប្រតិបតិ្តការអភិវឌ្ឍន៍ប្រទេសសម្រាប់កម្ពុជា កាលពីខែកក្តដាកន្លងទៅនេះ។ ក្នុងន័យនេះ លោកមានជំនឿយ៉ាងមុតមាំថាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថ្មីនេះ នឹងកាន់តែមានលក្ខណៈ ឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យអាទិភាពហើយកាន់តែលក្ខណៈសមស្របទៅនឹងស្ថានភាព នៃការអភិវឌ្ឍរបស់កម្ពុជា រួមទាំងការដោះស្រាយបញ្ហាប្រឈមនានាផងដែរ។
លោក វង្សី វិស្សុត បានសំដែងនូវអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការចូលរួមយ៉ាងសកម្មក្នុងកិច្ចការស្តារ និងអភិវឌ្ឍន៍ ប្រទេសកម្ពុជា ចាប់ពីដំណាក់ការនៃការកសាងសន្តិភាព រហូតដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍទាំងនៅក្នុងផ្នែកសេដ្ឋកិច្ច, បច្ចេកទេស, និងហិញ្ញវត្ថុ ដែលគិតចាប់ ពីឆ្នាំ១៩៩២ រហូតមកដល់ជិតបំណាច់ឆ្នាំ២០១៧នេះ ប្រទេសជប៉ុនបានសន្យាផ្តល់ថវិកាហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា សរុបចំនួនប្រមាណ៤,៤០០លានដុល្លារ ក្នុងនោះហិរញ្ញប្បទាន ឥតសំណងមានចំនួនប្រមាណ៣,០៧៤ លានដុល្លារ និងឥណទានសម្បទានមានចំនួនប្រមាណ១,៣២៦លានដុល្លារ៕