(ភ្នំពេញ)៖ គំនរឈើដែលឈ្មួញយកមកលាក់ទុក បម្រុងដឹកចេញនៅចំណុចតាឡាំងកួយ ខាងកើតភូមិ៍បឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ត្រូវបានកម្លាំងសមត្ថកិច្ចឧទ្យានុរក្សស្នាក់ការអូរងាវចុះបង្ក្រាប និងបានដកហូតមានចំនួន៨០ដុំ យកទៅរក្សាទុកនៅស្នាក់ការអូរងាវ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
ការបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ លោក គង់ ឈាន ជាអនុប្រធានស្នាក់កាអូរងាវ បាននិយាយថា ឈើពុះខាងលើនេះ ជារបស់ឈ្មួញលាក់ទុកថ្មីៗ និងត្រៀមលួចដឹកជញ្ជូនចេញ តែត្រូវបានកម្លាំងភ្នាក់ងាររាយការណ៍ផ្តល់ព័ត៌មាន ឈានដល់ការចុះបង្ក្រាបដកហូតបានទាន់ពេលវេលា។
គួររំលឹកថា នៅចំណុចគំនរឈើពុះ៨០ដុំ ដែលសមត្ថកិច្ចមន្ត្រីឧទ្យានុរក្សបានបង្ក្រាបដកហូតនេះ គឺជាទីតាំងដែលម្ចាស់រថយន្តបុកស័រ ប្តីឈ្មោះ ហ៊ាវ ហ៊ា ប្រពន្ធឈ្មោះ រីយុ ហ៊ាន់ មានទីលំនៅភូមិ៍អូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលថ្មីៗនេះ បានធ្វើសកម្មភាពជាក់ស្តែង ប្រើកម្មករជញ្ជូនឈើពុះលើកដាក់លើរថយន្តបុកស័រ ប្រមាណ២០០ដុំ ចេញទៅដោយរលូន គ្មានកម្លាំងសមត្ថកិច្ចណាចេញបង្ក្រាបនោះឡើយ មើលទៅវាសមស្របទៅនឹងសម្ដីអួតអាងរបស់ឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ហ៊ាវ ហ៊ា ថា គេបង់លុយឲ្យសមត្ថកិច្ចអស់ ហើយគ្មាននរណាហ៊ានចាប់នោះឡើយ។
ចំណែកលោក សៅ វ៉ាន្នី នាយផ្នែកទំរីង គេមិនដែលឃើញបានដឹកនាំបង្ក្រាបបទល្មើសព្រៃឈើ ក្នុងករណីតូចធំទាល់តែសោះ ខណៈដែលសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបជាហូរហែ។
ជាក់ស្តែងបទល្មើសគំនរពុះ ការដឹកជញ្ជូនឈើពុះចេញរាប់រយដុំ ដោយរថយន្តបុកស័រ នៅលើដែនដីនាយផ្នែកទំរីងគ្រប់គ្រង លោក សៅ វ៉ាន្នី ថា នេះបទល្មើសមិនអាចអត់ឱនបាន ប៉ុន្តែបទល្មើសដឹកជញ្ជូនឈើនៅតែ លួចចេញទៅបានរលូន ដូច្នេះហើយទើបឈ្មួញដឹកឈើនិយាយមិនខុសទេ គឺគេបង់លុយឲ្យសមត្ថកិច្ចជំនាញអស់ហើយ ប្រៀបដូចត្រូវថ្នាំសណ្តំធ្វើឲ្យជំនាញមេព្រៃហាក់ដេកលក់ ជាប់ត្រគៀកមិនអាចចុះបង្ក្រាបបទល្មើសអីកើតនោះទេ៕