(ស្ទឹងត្រែង)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំក្រុមមន្រ្តី និងសមត្ថកិច្ចពាក់ព័ន្ធដុតកម្ទេចគ្រឿងញៀនជាង៤២គីឡូក្រាម ដែលបង្ក្រាបបាននាពេលកន្លងទៅ។
គ្រឿងញៀនជាង៤២គីឡូក្រាម ដែលត្រូវដុតកម្ទេចចោលនៅពេលនេះ បានធ្វើឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ អភិបាលខេត្តស្ទឹងត្រែង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ផ្កាយ៣ ជា សារិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត ដោយគ្រឿងញៀនទាំងនេះ ប្រមូលមកពីខេត្តចំនួន៤រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។
ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទូចឲ្យគ្រប់កម្លាំងសមត្ថកិច្ចជំនាញបន្តបង្ក្រាបគ្រឿងញៀន ឲ្យបានរាល់សកម្មភាពបទល្មើសគ្រឿងញៀនដែលកើតឡើង។
បើតាមមន្រ្តីសមត្ថកិច្ច គ្រឿងញៀនដែលត្រូវដុតបំផ្លាញនៅពេលនេះរួមមាន៖ ប្រភេទមេតំហ្វេតាមីន, ម្ស៉ៅក្រាម (ម៉ាទឹកក) មេតំហ្វេតាមីនគ្រាប់ (wy) និងប្រភេទហេរ៉ូអ៊ីន៕