(ភ្នំពេញ)៖ ក្រោយការសួរដេញដោល ក្រោមការយាមយ៉ាងតឹងរ៉ឹងពីកម្លាំងសមត្ថកិច្ចនោះ លោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានសម្រេចតម្កល់សាលដីកាសភាស៊ើបសួរសាលាឧទ្ធរណ៍ ទុកជាបានការដដែល ពោលគឺ បន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពន្ធនាគារ ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ។ នេះបើតាមការបញ្ជាក់របស់លោកមេធាវី សំ សុគង់ ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News មុននេះបន្តិច។
សូមរំលឹកថា តុលាការកំពូលនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានបើកសវនាការជំនុំជម្រះទោសក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ សវនាការនេះធ្វើឡើងតាមបណ្តឹងរបស់ក្រុមមេធាវីរបស់លោក កឹម សុខា ដែលបានប្តឹងប្រឆាំងនឹងដីការសម្រេចឃុំខ្លួនរបស់ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ។
សវនាការនាព្រឹកថ្ងៃនេះ មិនមានវត្តមានរបស់លោក កឹម សុខា ជាជនជាប់ចោទនោះឡើយ។ សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងជាតំណាងមហាអយ្យការ។
ជាការកត់សម្គាល់សវនាការជំនុំជម្រះក្តីរបស់មេបក្សប្រឆាំងនៅព្រឹកនេះ មានការយាមកាមយ៉ាងតឹងរឹងពីកងកម្លាំងសមត្ថកិច្ចនៅជុំវិញបរិវេណតុលាការកំពូល ក្នុងនោះផ្លូវឆ្លងកាត់ទៅកន្លែងតុលាការកំពូលក៏ត្រូវបានបិទផងដែរ។ គេក៏សង្កេតឃើញមានអ្នកតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិមួយចំនួនបានទៅក្បែរតុលាការកំពូលផងដែរ តែមិនត្រូវបានអនុញ្ញាតឲ្យចូលរួមសវនាការនោះឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោក កឹម សុខា ត្រូវបានលោក គី ឫទ្ធី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
ក្រោយការសម្រេចរបស់សាលាដំបូងក្រុមមេធាវីរបស់លោក កឹម សុខា ក៏បានប្តឹងប្រឆាំងការសម្រេចនេះទៅសាលាឧទ្ធរណ៍ ហើយត្រូវបានសាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះក្តីកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧កន្លងទៅ ដោយសម្រេចតម្កល់ការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ និងបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារផងដែរ៕