(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាលើសេចក្តីសម្រេច ផ្អាកសកម្មភាពអង្គការសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា ជាបណ្តោះអាសន្ន ដោយហេតុផលថា អង្គការមួយនេះបានធ្វើសកម្មភាពបំពានច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
អង្គការសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា ដែលមានលោក ឡេង សេងហុង ជាប្រធាន ត្រូវបាន លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យ ចូលបង្ហាញខ្លួននៅ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីប្រធានសមាគមរូបនេះ បានចេញសេចក្តីអំពាវនាវមួយ ដោយអំពាវនាវដល់សមាជិក សមាជិកា សិស្ស និស្សិត យុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេស ត្រៀមធ្វើបាតុកម្មអហិង្សា ក្នុងករណីគណបក្សសង្គ្រោះជាតិ ត្រូវរំលាយ៕
ក្នុងដីកាបញ្ជាឲ្យចូលខ្លួន ដែលចេញកាលពីទី២៧ ខែតុលា ឆ្នាំ២០១៧ ដោយលោកព្រះរាជអាជ្ញារង សៀង សុខ បានបញ្ជាឲ្យលោក ឡេង សេងហុង ចូលខ្លួនទៅកាន់នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននរគបាលជាតិ ដើម្បីសាកសួរបំភ្លឺលើករណីញុះញុង ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍៕