(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ នឹងធ្វើការកែសម្រួលតម្រាយផ្លូវខ្សែរត់ទី៧A និងដាក់ឲ្យដំណើរការខ្សែរត់ទី៦ និងខ្សែរត់ទី៩ថ្មី របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ដក្រុង។ នេះបើតាមសេចក្ដីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។
*ខ្សែរត់ទី៧A៖ ចេញពីចំណតគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ ផ្លូវលេខ៥៩៨ ស្ពានអាកាស៧មករា ផ្លូវលេខ២៧១ វិថីទេពផន ផ្សារដេប៉ូ កាត់ស្ដុបនាងគង្ហីង ផ្សារអូឬស្សី វិថីព្រះមុន្នីវង្ស វិថីព្រះសីហនុ មហាវិថីព្រះនរោត្តម វិថីឧកញ៉ា ជ្រុណន យូហាក់ វិថីព្រះសុធារស ដល់ចំណតផ្សារអ៊ីអន១។
*ខ្សែរត់ទី៦៖ ចេញពីចំណតផ្សារបុរីរុងរឿង ផ្លូវជាតិលេខ៦ ស្ពានជ្រោយចង្វារ រង្វង់មូលកូចកាណុង ផ្លូវលេខ៧០ រង្វង់មូលអង់តែនទួលគោក រង្វង់មូលកាំកូស៊ីធី ផ្លូវឧកញ៉ាម៉ុងឬទ្ធី ផ្លូវសម្ដេច ជា ស៊ីម បត់ឆ្វេងតាមផ្លូវឧកញ៉ា ទ្រី ហេង ដល់មហាវិថីសហព័ន្ធរុស្ស៊ី បត់ឆ្វេងឆ្ពោះទៅដល់ចំណតផ្សារសេនជូរីផ្លាហ្សា។
*ខ្សែរត់ទី៩៖ ចេញពីចំណតបុរីសន្ដិភាព២ ផ្លូវជាតិលេខ៣ សួនឧស្សាហកម្មវឌ្ឍនៈ២ ត្រឡប់មកផ្លូវប្រទះឡាង ដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
*ខ្សែរត់ទី៨៖ ដែលគ្រោងចេញដំណើរពីចំណតគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ កាត់ស្ពានព្រែព្នៅ ផ្លូវឧកញ៉ា លី យ៉ុងផាត់ ផ្លូវជាតិលេខ៦អា ដល់ចំណតផ្សារបុរីរុងរឿង នឹងត្រូវពន្យាពេលទៅដំណើរការនៅខែមិថុនា ឆ្នាំ២០១៨វិញ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ទទួលរថយន្ដក្រុងដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
សូមជម្រាបថា ការកែសម្រួលខ្សែរត់ និងបន្ថែមថ្មីនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងសំណើ សំណូមពរ និងសេចក្ដីត្រូវការលើសេវាដឹកជញ្ជូនសាធារណៈរថយន្ដក្រុងរបស់ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត កីឡាករ កីឡាការិនី និងបងប្អូនកម្មករ កម្មការិនីទាំងអស់៕