(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម ក្រោយការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឯម កុសល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅ២ស្រុកផ្សេងគ្នា ដោយនៅស្រុកជើងព្រៃឃាត់ខ្លួនជនសង្ស័យ៧នាក់ និងនៅស្រុកកំពង់សៀម ឃាត់ខ្លួនជនសង្ស័យ៣នាក់។
ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនៅស្រុកកំពង់សៀម នៅចំណុចភូមិអំពិលលើ ឃុំអំពិល ឃាត់ខ្លួនជនសង្ស័យ០២នាក់ ទី១៖ឈ្មោះ សុខ ច័ន្ទដារ៉ា អាយុ៣៤ឆ្នាំ និងទី២៖ឈ្មោះ នី ស្រីណុច ភេទស្រី អាយុ២០ឆ្នាំ ដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់ ម៉ូតូ០១គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1D-8539។ ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនទូរស័ព្ទមកទិញថ្នាំញៀនចំនួន៣ម៉ឺនរៀល សមត្ថកិច្ចក៏បានឃាត់ខ្លួនបានម្នាក់ទៀតឈ្មោះ ឡុង វិសាល ហៅលាង អាយុ២៣ឆ្នាំ នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ជិះម៉ូតូមួយគ្រឿង ម៉ាកវីត្រុន ពណ៌ខៀវ គ្មានស្លាកលេខ ក្រោយមកសមត្ថកិច្ចបានធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ សុខ ច័ន្ទដារ៉ា រកឃើញម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៩កញ្ចប់ និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។
ដោយឡែកប្រតិបត្តិការនៅស្រុកជើងព្រៃ នៅចំណុចភូមិប្របឹង ឃុំស្តើងជ័យ ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ភិន យន ភេទប្រុស អាយុ៣៥ឆ្នាំ ដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន០១កញ្ចប់។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ មានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានទូរស័ព្ទមកទិញថ្នាំញៀនពីជនសង្ស័យ សមត្ថកិច្ចបានបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន០៦នាក់ផ្សេងទៀត។
ដោយជនសង្ស័យទី១៖ ឈ្មោះ អម ទូច អាយុ២៦ឆ្នាំ, ទី២៖ ឈ្មោះ ធា វណ្ណា អាយុ២០ឆ្នាំ, ទី៣៖ឈ្មោះ តឿ ញ៉ែម អាយុ២៥ឆ្នាំ, ទី៤៖ឈ្មោះ ខ្លូត សុភក្តិ អាយុ៣០ឆ្នាំ, ទី៥៖ឈ្មោះ ញាញ ប៊ុនតុង អាយុ២៤ឆ្នាំ និងទី៦៖ឈ្មោះ ភេន សុភីន អាយុ១៨ឆ្នាំ។ ក្នុងនោះដកហូតបាន ម៉ូតូចំនួន០៥គ្រឿង ទូរស័ព្ទដៃចំនួន០៤គ្រឿង និងប្រាក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់នេះ ត្រូវកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមច្បាប់៕