(ភ្នំពេញ)៖ តុលាការកំពូលនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បើកសវនាការជំនុំជម្រះទោសក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ សវនាការនាព្រឹកថ្ងៃនេះ នឹងមិនមានវត្តមានរបស់លោក កឹម សុខា ជាជនជាប់ចោទនោះឡើយ។
សវនាការនាព្រឹកនេះ ជាសវនាការធ្វើឡើងតាមបណ្តឹងរបស់ក្រុមមេធាវីរបស់លោក កឹម សុខា ដែលបានប្តឹងប្រឆាំងនឹងដីការសម្រេចឃុំខ្លួនរបស់ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ។
លោក សំ សុគង់ មេធាវីការពារក្តីលោកកឹម សុខា បានប្រាប់ Fresh News ថា សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងជាតំណាងមហាអយ្យការ។
បើទោះបីគ្មានវត្តមានរបស់លោក កឹម សុខា មកចូលរួមសវនាការយ៉ាងណាក្តី តែនៅតាមបណ្តាផ្លូវ និងជុំវិញបរិវេណតុលាការកំពូលនាព្រឹកថ្ងៃនេះ មានការដាក់កងកម្លាំងសមត្ថកិច្ចយាមកាមយ៉ាងតឹងរឹង ហើយក៏មានបិទដងផ្លូវមួយចំនួនផងដែរ។ ការដាក់កម្លាំងសមត្ថកិច្ចយាមកាមយ៉ាងតឹងរឹងនេះ បន្ទាប់ពីមានការអំពាវនាវមួយចំនួនឲ្យអ្នកគាំទ្រលោក កឹម សុខា ចូលរួមតាមដាននូវសវនាការមួយនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោក កឹម សុខា ត្រូវបានលោក គី ឫទ្ធី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
ក្រោយការសម្រេចរបស់សាលាដំបូងក្រុមមេធាវីរបស់លោក កឹម សុខា ក៏បានប្តឹងប្រឆាំងការសម្រេចនេះទៅសាលាឧទ្ធរណ៍ ហើយត្រូវបានសាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះក្តីកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧កន្លងទៅ។ តែសវនាការនោះ ក្រុមេធាវីការពារក្តីរបស់លោក កឹម សុខា មិនបានចូលក្នុងបន្ទប់សវនាការនោះឡើយ។ បើទោះបីមិនមានវត្តមានរបស់ក្រុមមេធាវី តែលោក ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរ សម្រេចតម្កល់ការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ពោលគឺបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល៕