(ត្បូងឃ្មុំ)៖ ឃាតកម្មយ៉ាងសាហាវព្រៃផ្សៃសម្លាប់២នាក់ប្ដីប្រពន្ធ នៅភូមិ៥ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ត្រូវកម្លាំងនគរបាលខេត្តត្បូងឃ្មុំបង្ក្រាបបាន ហើយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ សាលាដំបូងខេត្តចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដែលបានដឹកនាំបញ្ជាប្រតិបត្តិការនេះ បានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាបនេះ ទី១៖ឈ្មោះ ជ្រូក ចាន់ អាយុ៤៤ឆ្នាំ នៅភូមិ៧ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ (ចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីផ្ទះជនរងគ្រោះ) ដោយជននេះធ្លាប់ជាប់ពន្ធនាគារចំនួន២លើក ពីបទលួច និងប្លន់ (១៩៨៩ម្តង និង២០១២ម្តង) ហើយត្រូវបាននគរបាលឃាត់ខ្លួនខណៈកំពុងឆក់ត្រីតាមដងទន្លេ និងជនសង្ស័យទី២៖ឈ្មោះ មួន ជ្រាយ អាយុ៤១ឆ្នាំទីលំនៅក្បែរផ្ទះ ជ្រូក ចាន់។ គេជាមុខសញ្ញាលួចប្លប់ជាមួយជ្រូក ចាន់ កាលពីឆ្នាំ២០១២ ទើបនិងចូលមកមូលដ្ឋានវិញថ្មីៗ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយបង្ក្រាបបានកម្លាំងនគរបាលជំនាញដកហូតបាន ដាវ១ដើម ជាប់ស្នាមឈាមមនុស្ស និងទើបលាងសម្អាតតែមិនជ្រះ, កណ្តៀវ១ ជាប់ស្នាមឈាមហើយទើបសំលៀងបន្ថែមថ្មីៗ, កាំបិតផ្គាក់ផ្លែត្រង់១ជាប់ស្នាមឈាមមនុស្ស, សំណាកនៅលើដីក្បែរអាងទឹក ផ្ទះជនសង្ស័យមានស្នាមឈាម ដែលលាងដាវលាងកាំបិត។
ក្រោយឃាត់ខ្លួន និងការកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ តុលាការបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យទាំង២នាក់នេះ ដាក់ពន្ធនាគារតែម្ដង។
ជុំវិញករណីឃាតកម្មដ៏សាហាវនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ប្រាប់មកអង្គភាពព័ត៌មាន Fresh Newsថា កើតឡើងនៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ នៅភូមិទី៥ ឃុំរការខ្នុរ ស្រុកក្រូចឆ្នារ ដោយបន្សល់ទុកកូន២នាក់ ម្នាក់ស្រី និងម្នាក់ទៀតប្រុសឲ្យនៅកំព្រាឯការគ្មានមេបា៕