(តាកែវ)៖ ដីការបស់លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យ លោក ឡេង សេងហុង ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ចូលបង្ហាញខ្លួននៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកទៅប្រគល់ជូនដល់ដៃរបស់លោក ឡេង សេងហុង នៅម៉ោង ៥៖៣៥នាទីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ។

សូមបញ្ជាក់ថា កាលពីទី២៧ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ លោក សៀង សុខ បានចេញដីកាបញ្ជាឲ្យលោក ឡេង សេងហុង ចូលខ្លួនទៅកាន់នាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននរគបាលជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីសាកសួរបំភ្លឺលើករណីញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ដីកាបញ្ជានេះបានធ្វើឡើងបន្ទាប់ពីលោក ឡេង សេងហុង ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ បានចេញសេចក្តីអំពាវនាវមួយ ដោយអំពាវនាវដល់សមាជិក សមាជិកា សិស្ស និស្សិត យុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេសត្រៀមធ្វើបាតុកម្មអហិង្សាក្នុងករណីគណបក្សសង្គ្រោះជាតិត្រូវរំលាយ៕