(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ សមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាឃុំមកពីគណបក្សសង្គ្រោះជាតិចំនួន ៣រូប បានសម្រេចចិត្តដើរចេញពីគណបក្សរបស់ខ្លួន ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល។ មិនត្រឹមតែសម្រេចដើរចេញពីបក្សដែលផ្ញើជីវិតអស់រយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ សមាជិក្រុមប្រឹក្សាខេត្ត និងឃុំទាំង ៣រូបនេះ ថែមទាំងបានហៅមេបក្សចាស់របស់ខ្លួន គឺលោក កឹម សុខា ជាជនក្បត់ជាតិបម្រើបរទេសថែមទៀតផង។
ក្នុងលិខិតសុំចូលរួមជីវភាពនយោបាយដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ សមាជិកក្រុមប្រឹក្សាខេត្ត និងឃុំទាំង៣រូប បានបញ្ជាក់មូលហេតុដូចៗគ្នាពីការចាកចេញរបស់ពួកគេ។ ក្នុងលិខិតនេះពួកគេបានអះអាងថា បានមើលឃើញលោក កឹម សុខា មេគណបក្សសង្រ្គោះជាតិ មានការក្បត់ជាតិ ក្នុងការមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងមើលឃើញការបែកបាក់ផ្ទៃក្នុងជួរសមាជិកគណបក្សសង្រ្គោះជាតិពីមួយថ្ងៃទៅមួយថ្ងៃពុំមានគោលជំហរ និងឆន្ទៈស្មារតីជាតិច្បាស់លាស់មានតែភាពចុះខ្សោយទៅៗ ព្រមទាំងធ្វើឲ្យមានការញុះញង់បែកបាក់ជាតិ។
ថ្នាក់ដឹកនាំ និងសមាជិកមូលដ្ឋានរបស់គណបក្សប្រឆាំង ទាំង៣នាក់ ដែលបង្ហាញការអស់ជំនឿទាំងស្រុង ទៅលើមេដឹកនាំរបស់ខ្លួន រហូតប្រកាសចាកចេញ និងសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចនោះ រួមមាន៖
ទី១៖ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម គឺលោក អ៊ុ ឈឿន អាយុ៦៦ឆ្នាំ រស់នៅភូមិម្រេញ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ទី២៖ សមាជិកក្រុមប្រឹក្សាឃុំថ្មពូន ស្រុកព្រៃឈរចំនួន២នាក់ គឺលោក ប៊ុត ប៊ុនធឿន អាយុ៣៨ឆ្នាំ និងលោកស្រី ហេង ភារម្យ រស់នៅភូមិអណ្តូងតាឡឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ការសម្រេចចិត្តដើរចេញមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជារបស់សមាជិកគណបក្សសង្រ្គោះជាតិនាពេលនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខគណបក្សកាន់អំណាចបានប្រកាសស្វាគមន៍សមាជិកគណបក្សសង្រ្គោះជាតិទាំងអស់។ ជាពិសេសជាពិសេសរក្សាតំណែងជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាមេឃុំ ចៅសង្កាត់ ជំទប់ និងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យនៅដដែលថែមទៀតផង។
មកដល់ពេលនេះមានសមាជិកគណបក្សសង្រ្គោះជាតិ ដែលជាតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុប ៣៣រូប បានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕