(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានព័ត៌មានថានឹងមានការជួបជុំនៅខាងមុខតុលាការកំពូល, នៅព្រលប់ថ្ងៃទី៣០ ខែតុលានេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រកាសតាមបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ហាមដាច់ខាតមិនឲ្យមានការប្រមូលផ្ដុំនៅមុខតុលាការ ទោះបីជាស្ថិតក្នុងទ្រង់ទ្រាយណាមួយក៏ដោយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងអះអាងយ៉ាងដូច្នេះថា «សូមអំពាវនាវឲ្យសមត្ថកិច្ចទាំងអស់ដែលនៅជុំវិញភ្នំពេញក្ដី ទាំងនៅក្នុងក្រុងភ្នំពេញក្ដី ត្រូវប្រយ័ត្នប្រយែងចំពោះបុគ្គលណាក៏ដោយ ក្នុងការដែលមាន បំណងចង់មករំខានការអុកឡុកពេលបើកសវនាការ រឿងក្តី កឹម សុខា ត្រូវហាមដាច់ខាតមិនឲ្យមានការប្រមូលផ្ដុំនៅមុខតុលាការ ទោះបីជាស្ថិតក្នុងទ្រង់ទ្រាយណាមួយក៏ដោយ ហើយបើនៅតែប្រឈមនោះ យើងនឹងត្រូវអនុវត្តច្បាប់ភា្លមៗតែម្ដង»។
ការប្រកាសភ្លាមៗរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា សកម្មជនមួយចំនួនរបស់គណបក្សសង្រ្គោះជាតិ នឹងប្រមូលផ្តុំជួបជុំគ្នា នៅមុខតុលាការកំពូលនាថ្ងៃស្អែកទី៣១ ខែតុលា ឆ្នាំ២០១៧ ចំថ្ងៃបើកសវនាការរឿងក្តីសុំនៅក្រៅឃុំរបស់លោក កឹម សុខា ប៉ុន្តែករណីនេះពុំមានវត្តមានលោក កឹម សុខា នោះទេ។
មន្រ្តីជាន់ខ្ពស់តុលាការកំពូលមួយរូបបានឱ្យដឹងថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៃខេត្តត្បូងឃ្មុំ នឹងពុំត្រូវបានបញ្ជូនមកតុលាការកំពូល នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ទេ ដើម្បីជំនុំជម្រះបណ្ដឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
មន្ត្រីតុលាការកំពូលមួយរូបសុំមិនបញ្ចេញឈ្មោះ អះអាងថា សវនាការនេះគឺជារឿងមុនអង្គសេចក្តី ដែលពុំចាំបាច់មានវត្តមានជនត្រូវចោទ ចូលរួមសវនាការក៏បានដែរ ពោលគឺមានត្រឹមវត្តមានក្រុមមេធាវីគឺគ្រប់គ្រាន់ ព្រោះសវនាការនេះសួរដេញដោលពាក់ព័ន្ធតែអង្គច្បាប់ប៉ុណ្ណោះ៕