(ព្រះសីហនុ)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបបានភ្លាមៗ ក្រោយធ្វើសកម្មភាពប្លន់ម៉ូតូពីនារីម្នាក់ បានសម្រេចត្រឹមតែ១០នាទីប៉ុណ្ណោះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ ផ្លូវចុះចំណោតអាងក្រពើចាស់ នៅក្រុមទី១២ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយកើតហេតុភា្លមៗ និងក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តទៀតនោះ លោកបានប្រកាសតាមវិទ្យុទាក់ទង ឲ្យកម្លាំងគ្រប់មុខជំនាញគ្រប់មុខព្រួញទាំងអស់ ដែលកំពុងមានភារកិច្ចល្បាតតាមដងផ្លូវ សហការគ្នាដេញស្ទាក់ចាប់មុខសញ្ញាជាបន្ទាន់។
ជាលទ្ធផលរយៈពេលប្រមាណ១០នាទីក្រោយ សមត្ថកិច្ចដេញចាប់មុខសញ្ញាបាន នៅផ្លូវចូលទៅក្បាលឆាយ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលជនល្មើសជិះម៉ូតូរត់គេចខ្លួនចូលទៅតំបន់នោះ និងចាប់យកបានម៉ូតូ Honda Zoomer-X ១គ្រឿងជាវត្ថុតាងនៃអំពើប្លន់។ បើតាមលោកស្នងការរង ជនសង្ស័យឈ្មោះ អ៊ុ ពិសិដ្ឋ អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានមកធ្វើការសំណង់ ស្នាក់នៅកន្លែងធ្វើការ ក្រុមទី៣០ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ដោយឡែកជនរងគ្រោះឈ្មោះ សេង ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ ផ្ទះនៅក្រុម១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
បើតាមជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ពេលដែលនាងជូនបងទៅធ្វើការក៏បានឃើញជនសង្ស័យនៅឈររ៉េរានៅទីនោះដែរ លុះជិះម៉ូតូត្រឡប់មកវិញ ស្រាប់តែជនសង្ស័យ ចេញមកស្ទាក់យកដុំថ្មគប់ នាងបានគេចហើយក៏ដួលម៉ូតូត្រូវរបួស រួចជននោះបានលើកយកម៉ូតូជិះគេចសំដៅមករ៉ា ផ្លូវជាតិលេខ៤តែម្តង។
ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនបែកគំនិតប្លន់យកម៉ូតូនេះ ដោយសារតែយកទូរស័ព្ទរបស់គេទៅបញ្ចាំ ក្រោយមកគ្មានលុយដើម្បីលោះយកទូរស័ព្ទក៏បែកគំនិតប្លន់ម៉ូតូតែម្តង។ ក្រោយបញ្ចប់ការសួរនាំ ជនសង្ស័យត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមច្បាប់៕