(សៀមរាប)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរ-អ៊ែរ បានបើកសម្ពោធជើងហោះហើរត្រង់លើកដំបូងរបស់ខ្លួន ពីទីក្រុងហុងកុងមកកាន់ខេត្តសៀមរាប ដោយបានដឹកជញ្ជូនអ្នកដំណើរប្រមាណ ១០០នាក់ មកជាមួយ ចុះចតលើអាកាសយានដ្ឋានអន្តរជាតិសៀមរាប ប្រកបដោយសុវត្ថិភាព។
ការបើកដំណើរការហោះហើរត្រង់ពីហុងកុងមកសៀមរាប បានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។ លោក លឹម កៅ អគ្គនាយករងនៃក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរ-អ៊ែរ បានឲ្យដឹងថា ការបើកដំណើរការហោះហើរត្រង់នេះ គឺដោយការសម្លឹងឃើញអំពីសក្តានុពល នៃទីផ្សារឧស្សាហកម្មហោះហើរនៅទីនោះមានភាពល្អប្រសើរ ព្រោះហុងកុងជាតំបន់ទេសចរណ៍មួយ ដែលមានអ្នកទេសចរទៅលេងច្រើនកុះករ ហើយអ្នកទេសចរទំាងនោះ នឹងអាចធ្វើដំណើរត្រង់មកលេងខេត្តសៀមរាប។
លោកបានបញ្ជាក់ពីប្រតិបត្តិការហោះហើរថា ពេលព្រឹក ដឹកជញ្ជូនអ្នកដំណើរចេញពីក្រុងសៀមរាបទៅកាន់ទីក្រុងហុងកុង និងពេលរសៀល ត្រូវដឹកជញ្ជូនអ្នកដំណើរត្រឡប់ពីទីក្រុងហុងកុងមកក្រុងសៀមរាបវិញ។ លោករំពឹងទុកថា អតិថិជននឹងរីករាយជាមួយសេវាកម្មថ្មីនេះ ព្រោះមានភាពងាយស្រួលក្នុងដំណើរទេសចរណ៍។
សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរ-អ៊ែរ មានវត្តមានចូលប្រឡូកក្នុងទីផ្សារដឹកជញ្ជូនផ្លូវអាកាសប្រចាំតំបន់អាស៊ី នៅឆ្នាំ២០០៩។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ មានយន្តហោះចំនួន ៦គ្រឿង កំពុងប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរប្រមាណជាង ១០គោលដៅ រួមមាន ការដឹកជញ្ជូនអ្នកដំណើរគោលដៅក្នុងស្រុក មានរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ និងគោលដៅក្រៅប្រទេស មានទីក្រុងហាណូយ ប្រទេសវៀតណាម ទីក្រុងប៉េកាំង សៀងហៃ គ័ងចូវ និងបណ្តាខេត្តផ្សេងៗទៀត ក្នុងប្រទេសចិន។
បើតាមលោក លឹម កៅ ក្រុមហ៊ុនកំពុងកំណត់ចក្ខុវិស័យទីផ្សារទៅកាន់ប្រទេសឥណ្ឌាផងដែរ ដោយគ្រោងនាំភ្ញៀវទេសចរឥណ្ឌាមកទស្សនាអង្គរវត្តឱ្យបានច្រើន ព្រោះថាប្រាសាទអង្គរវត្តនៅកម្ពុជា គឺជាប្រាសាទហិណ្ឌូធំបំផុត នៅក្នុងពិភពលោក។ ក្រៅពីនេះ ក្រុមហ៊ុនអាកាសចរជាតិ ក៏មានគម្រោងបើកផ្លូវហោះហើរថ្មីៗបន្ថែមទៀត ទៅកាន់ប្រទេសថៃ សិង្ហបុរី និងបណ្តាខេត្តផ្សេងៗទៀត នៃប្រទេសចិនផងដែរ។
លោក លឹម កៅ បានបន្តទៀតថា នៅឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរ-អ៊ែរ នឹងត្រូវបង្កើនការហោះហើរទៅកាន់គោលដៅកាន់តែច្រើន ជាមួយនឹងគម្រោងបង្កើនយន្តហោះបម្រើការដឹកជញ្ជូនអ្នកដំណើរឱ្យបានដល់ ១២គ្រឿង គឺយន្តហោះធុន ATRs ចំនួន៤គ្រឿង និងយន្តហោះធុន Airbus ចំនួន៨គ្រឿង៕