(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រឡងបវរកញ្ញាឯកពិភពលោក ដោយមានកញ្ញាឯកមកពីប្រទេសចំនួន៦៥ ចូលរួមប្រកួតប្រជែង។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគាំទ្រចំពោះព្រឹត្តិការណ៍ប្រឡងបវរកញ្ញាឯកពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ដែលជាមោទនភាពសម្រាប់ប្រទេសជាតិទាំងមូល។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយក្រុមការងារអ្នករៀបចំការប្រឡងបវរកញ្ញាឯកពិភពលោកកាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងថា នេះជាមោទនភាពខ្ពស់បំផុត ដែលប្រទេសកម្ពុជាមានឱកាសក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិណ៍ដំដាប់ពិភពលោកនេះ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើនផ្សព្វផ្សាយ ពីវិស័យសិល្បៈ វប្បធម៌ និងវិស័យទេសចរណ៍ជាដើម។ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់គណៈកម្មការ រៀបចំព្រឹត្តិការណ៍បវរកញ្ញាពិភពលោក និងស្ថានីយទូរទស្សន៍ហង្សមាសជាអ្នករៀបចំថតផ្សាយនេះ ត្រូវខិតខំធ្វើឲ្យកម្មវិធីទទួលបានការគាំទ្រច្រើនពីប្រជាជន ក្នុងប្រទេស និងនៅលើពិភពលោកទាំងមូលបានដឹងថា កម្ពុជា កំពុងបោះជំហានរីកចម្រើនទៅមុខលើគ្រប់វិស័យជាពិសេសបច្ចេកទេស និងការដឹកនាំរៀបចំព្រឹត្តិការណ៍ធំៗលំដាប់ពិភពលោកបែបនេះ។
លោក អ៉ឹងឆៃ ងួន អគ្គនាយកក្រុមហ៊ុនហង្សមាស បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នករៀបចំកម្មវិធីប្រឡងបវរកញ្ញាឯកពិភពលោក ដែលជ្រើសរើសយកទូរទស្សន៍ហង្សមាសជាអ្នករៀបចំ ផ្សាយផ្ទាល់ ការថត បច្ចេកទេសសំឡេង និងការតុបតែងឆាកជាដើម ដែលនេះជាមោទនភាពខ្ពស់ សម្រាប់ ទូរទស្សន៍ហង្សមាស ក៏ដូចជាប្រទេសជាតិទាំងមូល ដើម្បីផ្សព្វផ្សាយពីវប្បធម៌ជាតិខ្មែរ និងគ្រប់ជាតិសាសន៍ ព្រមទាំងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុន ហង្សមាសបានត្រៀម លក្ខណៈរូចរាល់ហើយ ទាំងបច្ចេកទេស សម្ភារ និងធនធាន មនុស្សដើម្បីរៀបចំ ព្រឹត្តិការណ៍ពិភព លោកមួយនេះ ឱ្យបានជោគជ័យតាមការគ្រោងទុក។
សូមបញ្ជាក់ថា កម្មវិធីប្រឡងបវរកញ្ញាឯកពិភពលោកប្រចាំឆ្នាំ២០១៧នេះ មានប្រទេសចំនួន៦៥ប្រទេសចូលរួម ក្នុងនោះកម្ពុជាក៏មានកញ្ញាឯកកម្ពុជាចូលរួមផងដែរ ដែលគណៈកម្មការរៀបចំក៏បានសម្រេចជ្រើសរើសយកកម្ពុជា ធ្វើជាកន្លែងរៀបចំ កម្មវិធីប្រកួត ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០១ ដល់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕